(ភ្នំពេញ)៖ លោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនបរទេសមួយក្រុម ដែលមានគ្នា៤នាក់ ក្រោមបទចោទប្រកាន់ថា គំរាមកំហែងថានឹងសម្លាប់ ក្រោមលក្ខខណ្ឌអ្វីមួយ និងបទរក្សាទុកដោយខុសច្បាប់ នូវសារជាតិញៀន។ នេះបើតាមមន្ដ្រីតុលាការ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News។
មន្ដ្រីតុលាការបញ្ជាក់ថា ជនសង្ស័យទី១៖ ឈ្មោះ Sun Hunming Kane អាយុ៣៦ឆ្នាំ ជនជាតិសឹង្ហបុរី, ទី២៖ ឈ្មោះ Ahrun Naranyan អាយុ៤១ឆ្នាំ ជនជាតិឥណ្ឌា, ទី៣៖ ឈ្មោះ Yee Vincent អាយុ២៨ឆ្នាំ ជនជាតិម៉ាឡេស៊ី និងទី៤៖ ឈ្មោះ Cheang Qiao Chu ហៅ James អាយុ២៨ឆ្នាំ ជនជាតិសឹង្ហបុរី។
សូមរំលឹកថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧កន្លងទៅនេះ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ឈ្មោះ Chang Win Hui អាយុ៣៨ឆ្នាំ ជនជាតិម៉ាឡេស៊ី បានមករាយការណ៍ និងដាក់ពាក្យបណ្ដឹង ពីជនសង្ស័យទាំង៤នាក់ខាងលើ ពីបទគំរាមជំរឹតទារប្រាក់។
ក្រោយទទួលពាក្យបណ្ដឹងភ្លាម លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជាឲ្យ លោកវរសេនីយ៍ឯក ជាវ វិបុល ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ប្រើប្រាស់កម្លាំងជំនាញ សហការជាមួយជនរងគ្រោះ អាជ្ញាធរមូលដ្ឋាន ដើម្បីបង្ក្រាបតែម្ដង ដែលប្រតិបត្តិការនេះ ស្ថិតក្រោមការសម្របសម្រួលពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ៕