(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចុះប្រគល់ផ្ទះ មួយខ្នងដល់អតីត យុទ្ធជនពិការ ដែលមានជីវភាពក្រលំបាក មានកូន៨នាក់ ក្នុងបន្ទុកបច្ចុប្បន្ន ជាប្រធានភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលជាអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ខ្នងផ្ទះទី៤៣ ត្រូវបានប្រគល់ជូន អតីតយុទ្ធជន លោកព្រិន្ទបាលឯក ស្ងួន សម្បត្តិ អាយុ៤៥ឆ្នំា ជាអតីតនៅអង្គភាពផ្នែកសឹករងប្រាសាទបល្ល័ង្ក មានភរិយាឈ្មោះ ឃាន អ៊ិន អាយុ៤៣ឆ្នំា ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីយុទ្ធជនកម្ពុជា ខេត្តអមដំណើរដោយលោក វណ្ណៈ សោភានិត អភិបាលស្រុក ប្រាសាទបល្ល័ង្ក និងសហការី។
លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន បានថ្លែងថា នេះជាទី៤៣ ដែលប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកកម្ពស់ជីវភាពមន្ត្រីរាជការ ស៊ីវិលកងកម្លាំងប្រដាប់អាវុធ និងអតីតយុទ្ធជន ដែលបញ្ចប់ភារកិច្ច តាមរយៈការឧបត្ថម្ភនូវគោលរបប ការតម្លើងប្រាក់បៀវត្សការផ្តល់ដីសម្បទាន សង្គមកិច្ច ការកសាងផ្ទះដល់អតីតយុទ្ធជន ដែលមានជីវភាពលំបាក និងអត្ថប្រយោជន៍ដទៃផ្សេងទៀត។ ផ្ទុយទៅវិញមិនដូចមតិខ្លះបានលើក ឡើងនោះទេថា រាជរដ្ឋាភិបាលមិនបានគិតគូរ និងយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនសោះឡើយ ដែលពួកគេតែងតែបំប៉ោងសភាពការណ៍ និងបំផុសបំផុលខុសពីការពិត។
អតីតយុទ្ឋជនឈ្មោះ ស្ងួន សម្បត្តិ ត្រូវបានទទួលផ្ទះមួយខ្នង ដែលជាអំណោយខ្នងផ្ទះទី៤៣ សម្រាប់ នៃកាសាងសង់ផ្ទះជូនអតីតយុទ្ធជនក្នុងខេត្ត កំពង់ធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលមានទំហំ៦ម៉ែត្រ គុណ៧ម៉ែត្រ ត្រូវចំណាយថវិកា ក្នុងការសាងសង់អស់ចំនួន៦.៧៥០.០០០រៀល ក្នុងឱកាសប្រគល់ផ្ទះថ្មីនេះក្រុមការងារបានពាំនាំនូវអំណោយឧបត្ថម្ភ ជូនអង្ករចំនួន៥០គីឡូក្រាម មីម៉ាម៉ាមួយកេស ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ និងថវិកាចំនួន២៥០.០០០រៀល និងថ្នាំពេទ្យមួយចំនួន។
លោកស្ងួនសម្បត្តិ និងក្រុមគ្រួសារ មុននេះរស់នៅក្នុងខ្ទមសម្រាប់ចិញ្ចឹមជ្រូកចំនួនពីរគ្រួសារ រស់នៅរួមគ្នា តែពេលនេះគាត់បានផ្ទះថ្មីស្រឡាង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន គាត់បានត្រេតអរ រួមជាមួយប្រជាពលរដ្ឋមានសេចក្ដីរំភើបក្នុងចិត្ត រកអ្វីប្រៀបផ្ទឹមពុំបាន និងសូមគោរពថ្លែងអំណរគុណ និងគោរពជូនពរចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌឹត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមបានជួបប្រទះតែ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខះ និងពលៈ កុំបីឃ្លាងឃ្លាតឡើយ៕