(ភ្នំពេញ)៖ ក្រុមហ៊ុនវៀតណាមដ៏ធំ១ ដែលមានបទពិសោធន៍ផ្នែកបរិក្ខារអគ្គិសនី គ្រោងបង្កើតមន្ទីរពិសោធន៍សម្រាប់ធ្វើតេស្ត ឧបករណ៍អេឡិចត្រូនិចអគ្គិសនី គ្រប់ផ្នែកទាំងអស់នៅក្នុងប្រទេសកម្ពុជា។ នេះតាមការបញ្ជាក់ពីលោក ចាប សុថារិទ្ធ នាយកខុទ្ទកាល័យ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ។
ការបញ្ជាក់យ៉ាងដូច្នេះ បានធ្វើឡើងក្រោយបញ្ចប់កិច្ចជំនួសរវាងលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក្នុងនាមជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូវិនិយោគពាណិជ្ជកម្ម ថាមពលអគ្គិសនីវៀតណាម ដឹកនាំដោយលោក ត្រាន់ ង៉ុកថាញ់ ប្រធានក្រុមប្រឹក្សាភិបាល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោក ចាប សុថារិទ្ធ បានបញ្ជាក់ថា លោក ត្រាន់ ង៉ុកថាញ់ បានជំរាបលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អំពីការមកសិក្សាពីសក្តានុពល និងឱកាសវិនិយោគទុននៅកម្ពុជា បន្ថែមទៀតលើការផ្គត់ផ្គង់វិស័យអគ្គិសនី និងសម្ភារឧបករណ៍ គ្រឿងអេឡិចត្រូនិកអគ្គិសនី ជាមួយនិងអគ្គិសនីកម្ពុជា។
លោក ចាប សុថារិទ្ធិ បានបន្ថែមទៀតថា ក្រុមហ៊ុនវៀតណាម ក៏មានគំរោងបង្កើតមន្ទីរពិសោធន៍សម្រាប់ធ្វើតេស្តឧបករណ៍អេឡិចត្រូនិចអគ្គិសនី គ្រប់ផ្នែកទាំងអស់នៅកម្ពុជា។ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនដ៏ធំមួយរបស់រដ្ឋាភិបាលវៀតណាម ដែលមានបទពិសោធន៍ ផ្នែកបរិក្ខារអគ្គិសនី ដែលធ្លាប់បានផ្គត់ផ្គង់បរិក្ខារអគ្គិសនីឲ្យកម្ពុជាយូរឆ្នាំមកហើយដែរ។
នៅក្នុងជំនួបនោះដែរ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានសម្តែងនូវការស្វាគមន៍ ចំពោះអ្នកវិនិយោគិន ប្រទេសវៀតណាម ដែលបានចាប់អារម្មណ៍មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
លោកស្រីឧបនាយករដ្ឋមន្ត្រី បានជំរាបគណៈប្រតិភូ ធុរៈកិច្ចវៀតណាម ឲ្យបានដឹងពីស្ថេរភាព នយោបាយ កម្ពុជា និងភាពទាក់ទាញមួយចំនួន របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះអ្នកវិនិយោគទុនបរទេស ឲ្យចូលមកបណ្តាក់ទុនវិនិយោគ អភិវឌ្ឍន៍នៅកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត។
លោកស្រីថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយគាំទ្រ អ្នកវិនិយោគ ដូចដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តែងតែលើកទឹកចិត្ត អ្នកវិនិយោគបរទេស ឲ្យមកបណ្តាក់ទុនវិនិ យោគនៅកម្ពុជា ឲ្យបានកាន់តែច្រើន។
លោកស្រីឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា អ្នកវិនិយោគទុនវៀតណាម នឹងមកបណ្តាក់ទុននៅកម្ពុជា កាន់តែច្រើនព្រោះនៅកម្ពុជា មានក្រុមហ៊ុនវៀតណាមមួយចំនួន ដែលបានមកបណ្តាក់ទុននៅកម្ពុជា ហើយបានទទួលជោគជ័យក្នុងការវិនិយោគ៕