(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការប្រគល់ថវិកា ជូនក្រុមគ្រួសារលោកបណ្ឌិត កែម ឡី រួចរាល់ហើយនោះ នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ជុំវិញ យុទ្ធនាការ៣០ថ្ងៃរ៉ៃអង្គាសថវិកា ដើម្បីសាងសង់ចេតិយ ជូនលោកបណ្ឌិត កែម ឡី។
ក្នុងសេចក្ដីថ្លែងការណ៍ លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា លោករួមទាំងថ្នាក់ដឹកនាំគណបក្សមួយចំនួន បានមើលឃើញនូវភាព ខ្វះខាតថវិកា ដើម្បីសាងសង់ចេតិយ ជូនលោកបណ្ឌិត កែម ឡី ដែលអំពាវនាវស្វែងរកថវិកាដោយលោក កែម រិទ្ធិសិទ្ធ ត្រូវជាប្អូនប្រុសបង្កើតរបស់លោកបណ្ឌិត កែម ឡី ភ្លាមនោះ លោកបានដឹកនាំក្រុមការងាររបស់គណបក្សយុវជនកម្ពុជាមួយចំនួន ដើម្បីស្ម័គ្រចិត្តបង្កើតនូវយុទ្ធនាការ ៣០ថ្ងៃរ៉ៃអង្គាសថវិកា ដើម្បីចូលរួមសាងសង់ចេតិយជូនលោកបណ្ឌិត កែម ឡី ដោយសម្រេចចាប់ផ្តើមយុទ្ធនា ការនៅថ្ងៃទី០១ ខែសីហា ២០១៧ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ គឺផ្តើមចេញពីខេត្តត្បូងឃ្មុំ និងបន្តទៅបណ្តាខេត្ត មួយចំនួនដូចជា៖ ខេត្តកំពង់ចាម ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។
ប្រធានគណបក្សយុវជនកម្ពុជា អះអាងថា «តាមពិតអ្វីដែលយើងខ្ញុំ បានគិតមុនពេលចុះធ្វើយុទ្ធនាការតាមបណ្តាខេត្ត គឺយើងខ្ញុំមានក្តីសង្ឃឹមយ៉ាងខ្លាំង ចំពោះការចូលរួមបរិច្ចាគ របស់បងប្អូនដែលជាអ្នក កែម ឡី និយម ពីព្រោះលោកបណ្ឌិត កែម ឡី ត្រូវបានក្រុមគណបក្សនយោបាយមួយចំនួន បានចាត់ទុកលោកបណ្ឌិត ជាអ្នកស្នេហាជាតិ ជាវីរៈបុរស ប៉ុន្តែអ្វីដែលយើងខ្ញុំគិតនោះ គឺផ្ទុយស្រឡះពីភាព ជាក់ស្តែងខ្លាំងណាស់ ពោលមានតំបន់មួយចំនួន មិនដែលស្គាល់លោកបណ្ឌិត កែម ឡី ផង ហើយនៅតាមតំបន់ មួយចំនួនទៀត គឺមានការរើសអើងខ្លាំងណាស់»។
លោក ពេជ្រ ស្រស់ ក៏បានស្នើឲ្យក្រុមគ្រួសាររបស់លោកបណ្ឌិត កែម ឡី ពិចារណាក្នុងការស្នើឲ្យ អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាតុលាការ បើកការស៊ើបអង្កេតទៅលើប្រាក់ ដែលប្រមូលបានរបស់គណៈកម្មការមុន ដែលមានលោក ប៊ុត ប៉ុនតិញ និងលោក ប៉ា ងួនទៀង។
សូមអានខ្លឹមសារទាំងស្រុង នៃសេចក្ដីថ្លែងការណ៍ ដែលមាននៅខាងក្រោមនេះ៖