Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តព្រះវិហារ ប្រាប់សមត្ថកិច្ចទាំងអស់ឲ្យតាមចាប់មេខ្យល់ នាំពលករឆ្លងដែនខុសច្បាប់ ទៅកាប់ឈើគ្រញូងនៅដីថៃ និងអ្នកពាក់ព័ន្ធ ទោះពាក់ស័ក្កិប៉ុណ្ណាក៏ដោយ

01-09-2017 15:58

(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានដាស់តឿនប្រាប់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានត្រូវធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញា មេខ្យល់ដែលនាំពលរដ្ឋ ឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ និងអ្នកពាក់ព័ន្ធទាំងអស់ទោះជនទាំងនោះ ពាក់ស័ក្កិប៉ុន្មានក៏មិនលើកលែងដែរ។

ការចេញបញ្ជាបែបនេះ ក្នុងឱកាសដែលលោក រួមជាមួយលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំ អន្តរាគមន៍លេខ៣ អញ្ជើញចូលរួម ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងែទី១ ខែកញ្ញា ឆ្នាំ២០១៧នេះ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា «ចាប់ពីថ្ងៃនេះ ម៉ោងនេះយើងឈប់អនុវត្តន៍វិធានការផ្លុំផ្សែងភ្លើងហើយ គឺយើងអនុវត្តន៍វិធានការពន្លត់ភ្លើងតែម្តង ដែលករណីនេះខ្ញុំបានប្រាប់ឱ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចបាក់ព័ន្ធ ត្រូវធ្វើការស្រាវជ្រាវរកមេខ្យល់ និងអ្នកពាក់ព័ន្ធទាំងអស់ទោះបីពាក់ស័ក្កិ ប៉ុន្មានក៏មិនលើកលែងដែរ ហើយក៏ផ្តាំទៅមេអង្គភាពនានា ដែលឈរជើងតាមព្រំដែន ត្រូវធ្វើការអប់រំណែនាំកងកម្លាំងក្រោមឱវាទឱ្យបានដឹង ហើយបើមានការពាក់ពន្ធ័សុំឲ្យដកខ្លួនថយជាបន្ទាន់»

លោកអភិបាលខេត្ត បានបន្តទៀតថា «កន្លងមកយើងបានអនុវត្តន៍វិធានការធ្វើអប់រំផ្សព្វផ្សាយ ជាច្រើនលើកច្រើនសារមកហើយតែហាក់បីដូចគ្មាន ប្រសិទ្ធិភាពសោះ ផ្ទុយទៅវិញរឹតតែកើតឡើងកាន់តែខ្លាំង ពិសេសនៅចំណុចច្រកអានសេះ ឃុំឈើទាលគងស្រុកជាំក្សាន្តតែម្តងដូច្នេះចាប់ពី ពេលនេះតទៅ គឺយើងអនុវត្តន៍វិធានការក្តៅហើយ គឺបើស្រាវជ្រាវដឹងមុខសញ្ញាគឺចេញដីកាចាប់ខ្លួនតែម្តងគ្មានយោគយល់អ្នកណាឡើយ»