(ភ្នំពេញ)៖ អ្នករកសុីចាប់មានលក់ម្នាក់បានគៀបជាប់នៅក្នុងកាប៊ីនឡានស្លាប់ភ្លាមៗ នៅនិងកន្លែង ខណៈព្រូឡានម្នាក់ទៀត រងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាម៊ុយដឹក យកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។
គ្រោះថ្នាក់ចរាចរខាងលើកើតឡើងនៅតាមបណ្តោយផ្លូវលេខ៥៩៨ (ហៅផ្លូវជាសុផារ៉ា) ក្នុងភូមិសាស្ត្រសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះស្លាប់នៅក្នុងកាប៊ីនរថយន្ដនោះ មានឈ្មោះ ទៀប នី ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំណែក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនោះទេ។
អ្នកបើកបរ និងរថយន្ដក្រឡុកស៊ីម៉ង់ត៍ មិនត្រូវបានស្គាល់ពីអត្តសញ្ញណដែរព្រោះបន្ទាប់ពីកើតហេតុភ្លាមៗ បានបើករត់គេចឆ្លងកាត់ស្ពានព្រែកព្នៅ រហូតទៅដល់ផ្លូវជាតិលេខ៦A ក្នុងខណ្ឌជ្រោយចង្វារ ស្រាប់តែត្រូវសមត្ថកិច្ចដេញ តាមចាប់ឃាត់បានតែម្ដង។
មន្ត្រីនគរបាលដដែលបន្តថា នៅមុនពេលកើតហេតុ គេបានឃើញ រថយន្តដឹកមាន់១គ្រឿងពាក់ស្លាកលេខភ្នំពេញ2T-7752 និងមានរួមដំណើរជាមួយព្រូម្នាក់ទៀត និងអ្នកចាប់មាន បើកក្នុងទិសដៅពីត្បូងមកជើង តាមបណ្ដោយផ្លូវលេខ៥៩៨ «ហៅផ្លូវជាសុផារ៉ា» ដោយនៅពីក្រោយស្របទិសគ្នា និងរថយន្ដក្រឡុកស៉ីម៉ង់ត៍ ស្រាប់តែរថយន្ដដឹកមាន់សង្ស័យជាន់ហ្វ្រាំងមិនជាប់ បានជ្រុលចង្កូតទៅបុករថយន្ដក្រឡុកស៊ីម៉ង់ត៍ ចំពីក្រោយពេញទំហឹង លាន់ស្នូរដូចរន្ទះ បណ្ដាលឲ្យអ្នកចាប់មាន់គៀបជាប់ក្នុងកាប៊ីនឡាន ហើយស្លាប់ភ្លាមៗតែម្ដង រួមជាមួយព្រូរថយន្ដម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ចំណែកអ្នកបើកបររថយន្ដក្រឡុក ហេតុតែមានការភ័យស្លន់ស្លោរ បានបើករត់គេចឆ្លងកាត់ស្ពានព្រែកព្នៅ រហូតទៅដល់ផ្លូវជាតិលេខ៦A ក្នុងខណ្ឌជ្រោយចង្វារ ក៍ត្រូវសមត្ថកិច្ចដេញតាមឡោមព័ទ្ធឃាត់ទាំងរថយន្ដបានតែម្ដង។
ក្រោយកើតហេតុ រថយន្តរងគ្រោះ ត្រូវបានប្រគល់ឲ្យទៅរក្សាទុកការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសាកសពសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕