(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌឫស្សីកែវ បានព្រមានចាត់វិធានការចំពោះរោងចក្របោកគក់សំលៀកបំពាក់ «ឆឹងថៃ» ដ៏ធំមួយដែលមានទីតាំងនៅត្រង់ចំណុច ទល់សាលាបឋមសិក្សា ឬស្សីកែវ ខាងជើងជាប់ការ៉ាស់សាំងសូគីម៉ិច ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ការព្រមានធ្ងន់ៗចាត់វិធានការបែបនេះ ក្រោយពីអាជ្ញាធរខណ្ឌឫស្សីកែវ ទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា ក្រុមហ៊ុនរោងចក្របោកគក់សំលៀកបំពាក់ «ឆឹងថៃ» ខាងលើនេះ បាននិងកំពុងបង្កផលប៉ះពាល់ ដោយបង្ហូរទឹកស្អុយ មានសាធាតុគីម៊ីចូលទៅក្នុងទន្លេសាប ពិសេសបានជះក្លិនស្អុយ យ៉ាងអាសោចស្ទើរតែស្រស់ស្រូបអាហារ លែងកើតទៅហើយ ទាល់តែបិទទ្វារបន្ទប់ ឬបិទបង្អួច ទើបបាន។
ជាក់ស្ដែងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ លោក សន សោភ័ណ្ឌ នាយករដ្ឋបាលសាលាខណ្ឌឫស្សីកែវ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាភ្លាមៗ ពីអភិបាលខណ្ឌ លោក ជា ពិសី និងបានចាត់ឲ្យមន្ត្រីចំណុះជំនាញជុំវិញខណ្ឌ មានលោក អ្នក បូរ នាយករងរដ្ឋបាលខណ្ឌ និងលោក ស្មាស រិទ្ធី ប្រធានករិយាល័យអន្តរវិស័យខណ្ឌ លោក ហ៊យ ស៊ីណែត ប្រធានការិយាល័យបរិស្ថានខណ្ឌ រួមនិងមន្ត្រីពាក់ព័ន្ធ លោក ផាន់ តុលា បានសហការចុះទៅត្រួតពិនិត្យ ស្រាវជ្រាវភ្លាមៗ ហើយបានរកឃើញថា រោងចក្របោកគក់សំលៀកបំពាក់ «ឆឹងថៃ» ពិតជាខ្វះបច្ចេកទេស ក្នុងការគ្រប់គ្រងលើផ្នែកបរិស្ថាន ដែលបានបង្ហូរទឹកយ៉ាងស្អុយ មានសារធាតុគីមីចូលក្នុងទន្លេសាប និងជះក្លិនស្អុយសាយភាយ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅជាប់របងរោងចក្រភាគច្រើន ទាល់តែបិទទ្ធារបន្ទប់ ឬបិទបង្អួច ទើបស្រស់ស្រូបអាហារបាន។
លោក សន សោភ័ណ្ឌ ថ្លែងបន្តថា ក្រោយបញ្ចប់ការស្រាវជ្រាវពីមន្ត្រីជំនាញភ្លាមៗ អាជ្អាធរខណ្ឌឫស្សីកែវ ក្រោមការបញ្ជាផ្ទាល់ពី លោក ជា ពិសី បាននិងកំពុងត្រៀម ចាត់វិធានការ ដោយនូវជំហ៊ានដំបូង ត្រូវដាក់លិខិតអញ្ជើញភាគី តំណាងខាងរោងចក្របោកគក់សំលៀកបំពាក់ «ឆឹងថៃ» ដើម្បីឲ្យមកបំភ្លឺបកស្រាយជុំវិញ ករណីបង្ហូរទឹកយ៉ាងស្អុយ មានសារធាតុគីមីចូលក្នុងទន្លេសាប និងជះក្លិនស្អុយយ៉ាងខ្លាំង បណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរ ទៅលើសុខភាព របស់ប្រជាពលរដ្ឋ។
ពាក់ព័ន្ធករណីនេះដែរ តំណាងរោងចក្របោកគក់សំលៀកបំពាក់ «ឆឹងថៃ» ដោយមិនបញ្ចេញឈ្មោះ បានបញ្ជាក់ប្រាក់ភ្នាក់ងារ Fresh News តាមទូរស័ព្ទថា ក្រុមហ៊ុនរបស់លោក ពិតជាមិនបាន បង្ហូរទឹកស្អុយ ឫមានសាធាតុគីមីចូលទៅក្នុងទន្លេសាប បណ្ដាលឲ្យជះក្លិនស្អុយ ដូចអ្វី ដែលប្រជាពលរដ្ឋ បានលើកឡើងនោះទេ៕