(បន្ទាយមានជ័យ)៖ គ្រោះថ្នាក់រថយន្ដដឹកផាវគ្រាប់បែក ដែលផ្ទុះឆេះនៅតាមកំណាត់ផ្លូវជាតិលេខ៥ ក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ ត្រូវបានស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ អាត់ ខែម បញ្ជាក់ថា ស្លាប់ចំនួន៣នាក់ និងរងរបួសអ្នកធ្វើដំណើរតាមដងផ្លូវចំនូន២នាក់។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា ក្រោយពីលោកចុះទៅពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុ និងក្រោយពីការសួរនាំពីក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា ករណីបណ្ដាលឲ្យមនុស្ស៣នាក់ នៅក្នុងរថយន្ដ ម្នាក់ជាម្ចាស់រថយន្ដ ម្នាក់ជាអ្នកបើក និងម្នាក់ទៀតជាព្រូ បានស្លាប់ដោយសាកសពខ្លះ ត្រូវដាច់ជាច្រើនបំណែកមើលលែងយល់ ព្រមទាំងបណ្ដាលឲ្យអ្នកធ្វើដំណើរតាមម៉ូតូ២នាក់ផ្សេងទៀត ក៏រងរបួសផងដែរ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនរងគ្រោះទាំង៣នាក់ បានធ្វើដំណើរតាមរថយន្ដដោយដឹកម៉ូតូ៣គ្រឿង និងមានផាវគ្រាប់បែក ដែលប្រជាកសិករទុកសម្រាប់ ដេញចាបស៊ីស្រូវ ស្រាប់តែផ្ទុះឡើង អាចមកពីផាវនេះតែម្ដង។

យ៉ាងណាក៏ដោយលោកឧត្តមសេនីយ៍ អះអាងថា នៅពេលនេះកម្លាំងសមត្ថកិច្ចរបស់លោក បាននិងកំពុងធ្វើការស្រាវជ្រាវបន្ដទៀត ថាតើផាវគ្រាប់បែកទាំងនេះ នាំយកមកពីណា និងជារបស់អ្នកណាឲ្យពិតប្រាកដ។

ជាមួយគ្នានេះ លោកស្នងការ បានចាត់ទុកថា នេះផ្ទុះចំកន្លែងគ្មានមនុស្ស តែបើករណីកើតឡើងនៅទីប្រជុំជន ឬក្បែផ្សារច្បាស់ជាមានគ្រោះថ្នាក់ខ្លាំងជាក់ជាមិនខាន។

សូមបញ្ជាក់ថា នៅវេលាម៉ោងជិត១១ថ្ងៃនេះ នៅពេលរថយន្ដមួយគ្រឿង ម៉ាកនីសាន់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ចេញពីក្រុងប៉ោយប៉ែត ឆ្ពោះទៅខេត្តបាត់ដំបង ពេលមកដល់ភូមិព្រែកល្ពៅ ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ស្រាប់តែផ្ទុះឆេះជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យជនរងគ្រោះស្លាប់ទាំង៣នាក់ ហើយសាច់ដាច់ចេញជាបំណែកគួរឲ្យរន្ធត់យ៉ាងពន់ពេក​ រីឯករថយន្ដ និងម៉ូតូរងការខូចខាតទាំងស្រុង៕