ថវិកាដែលបានមកពីការរ៉ៃអង្គាស ចំនួនជាង៣លានរៀល ត្រូវបានប្រគល់ជូនក្រុមគ្រួសារសព លោកបណ្ឌិត កែម ឡី រួចរាល់ហើយនៅព្រឹកនេះ
01-09-2017 14:59
(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ បានប្រគល់ថវិកា ចំនួន៣,០២០,០០០រៀល ដែលមកបានពីការរ៉ៃអង្គាស រយៈពេល៣០ថ្ងៃ ក្នុងការជួយកសាងចេតិយ ជូនសពលោកបណ្ឌិត កែម ឡីនោះ ជូនក្រុមគ្រួសារលោកបណ្ឌិតរួចរាល់ហើយ នៅឯស្រុកកំណើត ខេត្តតាកែវ។
ជាមួយនឹងការទទួលថវិកានេះ ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ដែលមានលោកស្រី ភោគ សេ ជាម្ដាយ និងលោក កែម រិទ្ធិសិត ដែលជាប្អូនប្រុសនោះ បានសម្ដែងនូវក្ដីអបអរ និងថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួន ក្នុងការបើកយុទ្ធនាការរ៉ៃអង្គាសរយៈពេល៣០ថ្ងៃកន្លងមកនេះ។
សូមជម្រាបថា លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា ក្នុងយុទ្ធនាការនេះ គណបក្សយុវជនកម្ពុជា បានចំណាយថវិកាផ្ទាល់ខ្លួន សរុបជាង២៣០០ដុល្លារ ដើម្បីចាយវាយលើការធ្វើដំណើរស្នាក់នៅ និងហូបចុក នៅពេលចុះយុទ្ធនាការ ប៉ុន្ដែពួកយើងសប្បាយចិត្តក្នុងការងារជួយរកថវិកា ដើម្បីកសាងចេតិយជូន សពលោកបណ្ឌិត កែម ឡី ខុសពីគណៈកម្មការមុន មិនហ៊ានពុះពារឧបសគ្គដើម្បីការងារ បានតែអួតក្អេងក្អាងតែប៉ុណ្ណោះ ធាតុពិតគ្មានបានការឡើយ៕