(ក្រចេះ)៖ គ្រោះថ្នាក់បាក់រណ្ដៅជីករ៉ែមាស ស្ថិតនៅចំណុចត្រូន ក្នុងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ បានផ្ដាច់ជីវិតមនុស្ស៣នាក់ទៀតហើយ បន្ទាប់ពីគ្រោះថ្នាក់មួយនេះ បានកើតឡើងកាលពី៣ថ្ងៃមុន បណ្ដាលឲ្យស្លាប់២នាក់ផងដែរ។
គិតវេលាម៉ោង០២៖៣០នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ សពជនរងគ្រោះទាំង៣នាក់ មិនទាន់ត្រូវបានយកចេញពីអណ្ដូងរ៉ែ ដែលមានជម្រៅ រហូតដល់២៥ម៉ែត្រនោះឡើយ។
យោងតាមរបាយការណ៍របស់អធិការរងនគរបាល ទទួលផែនព្រហ្មទណ្ឌ ស្រុកសំបូរ បានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៣៖៣០នាទីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧មកម្ល៉េះ។
នៅក្នុងរបាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះទី១៖ ឈ្មោះ នួន ចាន់រ៉ា អាយុ៥០ឆ្នាំ ជាថៅកែ រស់នៅភូមិតាកុត ឃុំសំបុក ស្រុកចិត្របុរី, ទី២៖ ឈ្មោះ ជិន ធារ៉ា អាយុ២៥ឆ្នាំ រស់នៅភូមិស្ទឹងស្វាយ ឃុំដារ ស្រុកចិត្របុរី ជាកូនចៅ និងទី៣៖ ឈ្មោះ រាជ សាកា អាយុ២១ឆ្នាំ រស់នៅភូមិតាកុត។
របាយការណ៍បានបន្ដថា ជនរងគ្រោះទាំង៣នាក់ បានចុះទៅក្នុងរណ្ដៅរ៉ែបណ្ដាលឲ្យបាក់ដីសង្កត់ ស្លាប់ទាំង៣នាក់តែម្ដង ហើយក្រោយកើតហេតុទើបសមត្ថកិច្ចដឹង ក៏បានចុះទៅជួយអន្ដរាគមន៍ តែរហូតមកដល់ពេលនេះមិនអាចយកសពជនរងគ្រោះ ចេញពីក្នុងរណ្ដៅបាននៅឡើយទេ។
សូមបញ្ជាក់ថា តំបន់ជីករករ៉ែមាសខាងលើនេះ ត្រូវបានលោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល ចាត់ទុកថា ជាតំបន់អនាធិបតេយ្យគ្មានច្បាប់ទម្លាប់នោះទេ ហើយក៏សូមឲ្យអាជ្ញាធរខេត្តជួយសហការទប់ស្កាត់ កុំឲ្យមានករណីនេះកើតឡើងបន្ដទៀត។
សម្រាប់គ្រោះថ្នាក់កាលពី៣ថ្ងៃមុននោះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ ក៏បានបញ្ជាផ្អាកសកម្មភាពនៅទីនោះ ជាបណ្ដោះអាសន្ន ប៉ុន្ដែនៅតែមានហេតុការណ៍នេះកើតឡើងដដែល៕