(ភ្នំពេញ)៖ ក្រោយបញ្ចប់ការពិភាក្សាទ្វេភាគី នៅវិមានសន្ដិភាព ក្នុងរាជធានីភ្នំពេញ រវាងនាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ដ្រីឡាវ លោក ថោងលន់ ស៊ីសូលីត រយៈពេលជិត២ម៉ោង នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ រួចមក នៅក្នុងសន្និសីទកាសែតរួមគ្នា លោក ថោងលន់ ស៊ីស៊ូលីត បានបង្ហាញការប្ដេជ្ញាចិត្ត និងជឿជាក់យ៉ាងខ្លាំងថា ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំង២ គឺឈរលើមូលដ្ឋានស្មើភាព មិត្តភាព មិនឲ្យខាងណាចំណេញ ឬខាតនោះឡើយ។ (សូមស្តាប់ខ្លឹមសារលម្អិត នៅក្នុងសន្និសីទរបស់នាយករដ្ឋមន្រ្តីទំាំង២)

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ដ្រីឡាវ ក៏សន្យាជាមួយសម្ដេចតេជោ ហ៊ុន សែន រក្សាឲ្យបាននូវស្ថេរភាព នៅតាមខ្សែបន្ទាត់ព្រំដែន ព្រមទាំងដោះស្រាយបញ្ចប់បញ្ហា ដែលនៅសេសសល់ ប្រមាណជា១៣-១៤ភាគរយ ដើម្បីទុកជាមរតកដល់កូនចៅជំនាន់ក្រោយ នៃប្រទេសទាំង២។

លោក ថោងលន់ ស៊ីស៊ូលីត បានរយៈអ្នកបកប្រែ បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា ការដោះស្រាយបញ្ហាព្រំដែន រវាងប្រទេសទាំង២នេះ គឺឈរនៅលើមូលដ្ឋាន ជាមិត្តភាព ស្មើភាព ដោយមិននរណាម្នាក់ខាត ហើយនរណាម្នាក់ចំណេញនោះឡើយ»

ជាមួយគ្នានេះ នាយករដ្ឋមន្ដ្រីឡាវ បានបញ្ជាក់ផងដែរថា លោក នឹងសម្ដេចក៏បានជជែកគ្នា និងឯកភាពគ្នាថា ពួកយើងនឹងរក្សាឲ្យមានសន្ដិសុខ និងសន្ដិភាព តាមតំបន់ព្រំដែន ដែលមិនទាន់ដោះស្រាយ ពីព្រោះបញ្ហានេះវាសំខាន់ខ្លាំងណាស់ ដើម្បីធ្វើឲ្យតំបន់នោះមានសន្ដិភាព។

បើតាមលោកនាយករដ្ឋមន្ដ្រីឡាវ បានបង្ហាញការជឿជាក់យ៉ាងខ្លាំងថា «ពួកយើងទាំង២នាក់នឹងព្យាយាមដោះស្រាយបញ្ហាព្រំដែនតទៅ រក្សាឲ្យបាននូវទឹកចិត្ត ស្រាលញ់សាមគ្គី រវាងញាតិទាំង២ ដែលជាប់របងជាមួយគ្នា ហើយធ្វើវាឲ្យទៅជាមរតកបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ ដែលធ្វើវាឲ្យស៊ីជម្រៅ និងមានប្រសិទ្ធភាពទៀត សម្រាប់កិច្ចសហប្រតិបត្តិការ»

លោក ថោងលន់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានស្វាគមន៍យ៉ាងកក់ក្ដៅ និងផ្ដល់កិត្តិយសសម្រាប់លោក ក្នុងការពិភាក្សាគ្នាលើ បញ្ហាព្រំដែន ហើយលោកក៏បានលើកឡើងដូចសម្ដេចតេជោផងដែរថា មកពីទំនាក់ទំនងផ្ទាល់ខ្លួន និងទំនាក់ទំនងគ្រូសារ ដែលមានរយៈពេលជាង ៣០ឆ្នាំមកនេះ ធ្វើឲ្យការជួបគ្នាស្វែងរកដំណោះស្រាយ​មានភាពរលូន។

សូមបញ្ជាក់ថា​ ការដោះស្រាយភាពតានតឹង នៃបញ្ហាព្រំដែនរវាងប្រទេសទាំង២ ដែលនាំឲ្យវិលមករកភាពប្រក្រតីឡើងវិញ បានកើនមានឡើងនៃការជួបពិភាក្សាគ្នា ចំនួន២លើក រវាងនាយករដ្ឋមន្រ្ដីទាំង២ ដោយលើកទី១ គឺសម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ហោះទៅកាន់ទីក្រុងវៀងច័ន្ទ ជួបពិភាក្សាដោយផ្ទាល់ជាមួយ លោក ថោងលន់ ស៊ីសូលីន កាលពីថ្ងៃទី១២ ខែសីហា ហើយនៅថ្ងៃទី១ ខែកញ្ញា លោក ថោងលន់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ខ្លួន ហោះមកកាន់រាជធានីភ្នំពេញ ដើម្បីជួបពិភាក្សាដោយផ្ទាល់ជាមួយសម្ដេចតេជោ រហូតទទួលបានលទ្ធផលដ៏ផ្លែផ្កានេះ៕