(ភ្នំពេញ)៖ ក្រោយបញ្ចប់ការពិភាក្សាទ្វេភាគី នៅវិមានសន្ដិភាព ក្នុងរាជធានីភ្នំពេញ រវាងនាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ដ្រីឡាវ លោក ថោងលន់ ស៊ីសូលីត រយៈពេលជិត២ម៉ោង នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ នេះរួចមក នៅក្នុងសន្និសីទកាសែតរួមគ្នា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេច និងលោក ថោងលន់ ស៊ីសូលីត បានឯកភាពគ្នាលើ៤ចំណុច ដើម្បីដោះស្រាយ និងឈានដល់ការបញ្ចប់បញ្ហាព្រំដែន នៃប្រទេសទាំង២។ (សូមស្តាប់ខ្លឹមសារលម្អិត នៅក្នុងសន្និសីទរបស់នាយករដ្ឋមន្រ្តីទំាំង២)
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា បន្ទាប់ពីបញ្ចប់ការពិភាក្សាដោយឡែកតែ២នាក់ យើងព្រមព្រៀងគ្នា៤ចំណុច ដែលជាបញ្ហាដ៏សំខាន់ សម្រាប់ធ្វើការដោះស្រាយនាពេលខាងមុខនេះ រួមមាន៖
ទី១៖ នៅប៉ុន្មានថ្ងៃខាងមុខទៀត រដ្ឋមន្ដ្រីការបរទេស នៃប្រទេសទាំង២ នឹងប្រជុំនៅទីក្រុងភ្នំពេញ ដើម្បីរកការដោះស្រាយ ស្រុះស្រួល និងការយោគយល់គ្នា។
ទី២៖ ភាគីមិត្តឡាវ ក៏បានយល់ព្រមតាមសំណើរបស់កម្ពុជា ពិនិត្យដោះស្រាយ៤ចំណុច ដែលនៅសេសសល់ តាមរយៈលិខិត ដែលខ្ញុំផ្ញើជូន ឯកឧត្តម ថោងលន់។ ទីតាំងដែលត្រូវដោះស្រាយនោះ មាននៅចំណុចបង្គោលលេខ០៣៣ លេខ០១៧ តំបន់អូរស្វាយ-វើនខាំ ទីតាំងទី៤ បង្គោលលេខ០៣ (១) ហើយចំណុចទាំងនេះត្រូវដោះស្រាយ មុនចំណុចអូរតាង៉ាវ ដោយសារតែចំណុចអូរតាង៉ាវ មានការលំបាក ដូច្នេះត្រូវប្រយ៉ាប់ប្រយ៉ាល់ចុះដោះស្រាយ៤កន្លែងនេះមុន។
ទី៣៖ ភាគីទាំង២ ឯកភាពគ្នាឲ្យគណៈកម្មាធិការព្រំដែនទាំង២ ចុះទៅដោះស្រាយនៅនឹងកន្លែង នៅតំបន់អូរតាង៉ាវ ដែលបញ្ហានៅសេសសល់។ តាមការឯកភាពគ្នា គឺយើងត្រូវពិនិត្យដីណាជារបស់កម្ពុជា និងដីណាជារបស់ឡាវ គឺត្រូវកំណត់ឲ្យច្បាស់រកឃើញមួយកន្លែង ត្រូវបោះបង្គោលនៅកន្លែងនោះតែម្ដង។ យោងទៅតាមចំណុចនេះ យើងនៅសល់តែ២០បង្គោលតែប៉ុណ្ណោះ ដែលមិនទាន់បានបោះនៅក្នុងតំបន់អូរតាង៉ាវនេះ ដូច្នេះសូមឲ្យភាគីទាំង២ចុះទៅដល់កន្លែង ហើយដេកនៅទីនោះតែម្ដងទៅ។
ចំណុចទី៤៖ នាយករដ្ឋមន្ដ្រីទាំង២ នឹងសរសេរលិខិតជូនទៅប្រធានាធិបតីបារាំង ដើម្បីជួយផ្ទេរផែនទីពីខ្នាត ១/១០០.០០០ មកខ្នាត១/៥០.០០០ និងសុំឲ្យបារាំងផ្ដល់ឯកសារផ្សេងទៀត ដែលទាក់ទងដល់ព្រំដែនកម្ពុជាឡាវ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការវាស់វែងព្រំដែនរវាងកម្ពុជា-ឡាវនេះ មិនអាចប្រើប្រាស់ផែនទីបោនខ្នាត១/១០០.០០០ នោះទេ គឺត្រូវប្រើប្រាស់ផែនទីដើម ១/៥០.០០០។ សម្រាប់លោក ថោងលន់ ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ ក៏បានឯកភាពទាំងស្រុង នូវចំណុចដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើង។ លោកបានលើកឡើងទៀតថា «ទំនាក់ទំនងផ្ទាល់ខ្លួនរវាងសម្តេចនឹងខ្ញុំ ក៏ដូចជាគ្រួសារទាំងពីរ បានបង្កលក្ខណៈងាយស្រួលក្នុងការដោះស្រាយបញ្ហារបស់ប្រទេសទាំងពីរ»។
សម្រាប់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នេះគឺជាដំណាក់កាលដែលអាចបញ្ចប់ទាំងស្រុង ហើយសម្ដេចបានលើកឡើងពីទំនាក់ទំនង និងស្គាល់គ្នាជាមួយនាយករដ្ឋមន្ដ្រីឡាវ រយៈពេលជាង៣០ឆ្នាំ ទាំងទំនាក់ទំនងផ្ទាល់ខ្លួន និងគ្រួសារ បើមិនដូច្នេះទេ វាគឺជារឿងលំបាកនៃការដោះស្រាយ បញ្ហានេះ៕