(ភ្នំពេញ)៖ ក្រោយបញ្ចប់ការពិភាក្សាទ្វេភាគី នៅវិមានសន្ដិភាព ក្នុងរាជធានីភ្នំពេញ រវាងនាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ដ្រីឡាវ លោក ថោងលន់ ស៊ីសូលីត រយៈពេលជិត២ម៉ោង នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះរួចមក នៅក្នុងសន្និសីទកាសែតរួមគ្នា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញពីមោទនភាពយ៉ាងខ្លាំង នៃទំនាក់ទំនងក៏ដូចជាមិត្តភាពនៃការពូនជ្រំបន្ថែមទៀត នៃប្រទេសទាំង២ តាមរយៈការដោះស្រាយបញ្ហាពាក់ព័ន្ធទៅនឹងព្រំដែន ដែលនៅសេសសល់នេះ។ (សូមស្តាប់ខ្លឹមសារលម្អិត នៅក្នុងសន្និសីទរបស់នាយករដ្ឋមន្រ្តីទំាំង២)
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «លទ្ធផលដែលយើងសម្រេចបានថ្ងៃនេះ ខ្ញុំអាចនិយាយដោយមោទនភាពថា មិត្តភាពរវាងកម្ពុជា-ឡាវ នឹងត្រូវបានពូនជ្រំបន្ថែមទៀត តាមរយៈដំណោះស្រាយលើបញ្ហា ដែលនៅសេសសល់»។
បន្ថែមលើនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា មិនមែនមានការដោះស្រាយលើមួយចំនួននោះទេ គឺមានទិដ្ឋភាពជាការដោះស្រាយជាកញ្ចប់ នៃបញ្ហាតែម្ដងទៀត។
ជាថ្មីម្ដងទៀត សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្ដ្រីឡាវ ដែលបានហោះមកកាន់កម្ពុជា ធ្វើការពិភាក្សាលើបញ្ហាព្រំដែន រហូតទទួលបានលទ្ធផលដ៏ថ្លែផ្កាមួយនេះ។
សូមបញ្ជាក់ថា ការដោះស្រាយភាពតានតឹង នៃបញ្ហាព្រំដែនរវាងប្រទេសទាំង២ ដែលនាំឲ្យវិលមករកភាពប្រក្រតីឡើងវិញ បានកើនមានឡើងនៃការជួបពិភាក្សាគ្នា ចំនួន២លើក រវាងនាយករដ្ឋមន្រ្ដីទាំង២ ដោយលើកទី១ គឺសម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ហោះទៅកាន់ទីក្រុងវៀងច័ន្ទ ជួបពិភាក្សាដោយផ្ទាល់ជាមួយ លោក ថោងលន់ ស៊ីសូលីន កាលពីថ្ងៃទី១២ ខែសីហា ហើយនៅថ្ងៃទី១ ខែកញ្ញា លោក ថោងលន់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ខ្លួន ហោះមកកាន់រាជធានីភ្នំពេញ ដើម្បីជួបពិភាក្សាដោយផ្ទាល់ជាមួយសម្ដេចតេជោ រហូតទទួលបានលទ្ធផលដ៏ផ្លែផ្កានេះ៕