(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរ គណបក្សនយោបាយ ប្រព័ន្ធផ្សព្វផ្សាយ សង្គមស៊ីវិល អង្គការជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធនានា បន្តសហការជាមួយគ្នាឲ្យបានជិតស្និទ្ធ ដើម្បីឲ្យដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ ប្រព្រឹត្តទៅដោយរលូនទៅមុខ និងទទួលបានជោគជ័យបន្ថែមទៀត។
ការអំពាវនាវនេះ ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី នីតិវិធីឈ្មោះបោះឆ្នោត និងការបញ្ជូនទិន្នន័យមក គ.ជ.ប នៅទីស្នាក់ការ គ.ជ.ប ក្រោមអធិបតីភាពលោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប ហើយក៏ស្របពេលដែលការិយាល័យចុះឈ្មោះបោះឆ្នោត កំពុងបើកទ្វារទទួលចុះឈ្មោះប្រជាពលរដ្ឋនៅតាមសាលាឃុំ-សង្កាត់ ទាំង១,៦៤៦ និងភូមិមួយចំនួននៅទូទាំងប្រទេសផងដែរ ពោល គឺចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្នុងកិច្ចប្រជុំខាងលើ លោក គួយ ប៊ុនរឿន បានបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតថ្មី ធ្វើឡើងសម្រាប់តែប្រជាពលរដ្ឋណាដែល៖
១៖ គ្រប់អាយុបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា ពោលគឺអាយុ១៨ឆ្នាំ (គិតដល់ថ្ងៃបោះឆ្នោត)។
២៖ អ្នកគ្រប់អាយុយូរហើយ តែមិនទាន់បានចុះឈ្មោះបោះឆ្នោតនឹងគេ កាលពីឆ្នាំ២០១៦ កន្លងទៅ។
៣៖ អ្នកដែលចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ រួចហើយ តែបានផ្លាស់ប្ដូរទីលំនៅ ឬទីសំណាក់ទៅឃុំ-សង្កាត់ផ្សេង។ ប្រសិនបើអ្នកមានទីលំនៅច្រើនជាងមួយកន្លែង អ្នកត្រូវជ្រើសរើសយក ទីតាំងលំនៅដ្ឋានណាមួយ ដើម្បីចុះឈ្មោះរបស់អ្នកក្នុងបញ្ជីបោះឆ្នោតថ្មីនោះ។
លោកអនុប្រធានបានបន្តថា ការធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោត ឆ្នាំ២០១៦វិញ គឺធ្វើឡើងសម្រាប់តែប្រជាពលរដ្ឋណាដែល៖
១៖ ត្រូវការកែប្រែទិន្នន័យ ក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ ដូចជាខុសឈ្មោះ ខុសអក្ខរាវិរុទ្ធ ខុសថ្ងៃ-ខែ-ឆ្នាំកំណើត ខុសអាសយដ្ឋាន ទីកន្លែងកំណើត ដែលខុសទៅនឹងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែររបស់ខ្លួន។
២៖ បានទទួលមរណភាព។
៣៖ បាត់បង់សិទ្ធិបោះឆ្នោត ដោយសារជាប់ជាពិរុទ្ធជន ឬជាប់ពន្ធនាគារ ឬបាត់សិទ្ធិបោះឆ្នោតបណ្ដោះអាសន្ន ឬត្រូវបានតុលាការ ចេញសាលក្រមសម្រេចផ្ដន្ទាទោសជាដើម ពោលអ្នកដែលត្រូវបានបញ្ជាក់ថា បាត់បង់សិទ្ធិបោះឆ្នោត។
៤៖ បានចាកចេញពីទីលំនៅក្នុងឃុំ-សង្កាត់ចាស់ ទៅរស់នៅ ឬស្នាក់នៅក្នុងឃុំ-សង្កាត់ថ្មី។ តែទោះជាយ៉ាងណា ការលុបឈ្មោះពលរដ្ឋណាម្នាក់ ចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ បាន ត្រូវតែមានការបញ្ជាក់ពីសាម៉ីខ្លួន ឬអាជ្ញាធរមូលដ្ឋាន ឬសាច់ញាតិក្រុមគ្រួសារ (បើគ្មានការបញ្ជាក់ទេ គឺគ្មានការលុបឈ្មោះឡើយ)។
គ.ជ.ប ធ្លាប់បានប៉ានស្មានថា ប្រជាពលរដ្ឋកម្ពុជាមានចំនួនសរុប ១៥,៨៨៣,២៥០នាក់ ក្នុងនោះមានប្រជាពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំឡើង ពោលគឺគ្រប់អាយុបោះឆ្នោតតំណាងរាស្រ្ត ឆ្នាំ២០១៨ (គិតដល់ថ្ងៃបោះឆ្នោត) មានចំនួន ៩,៧៨៨,២៣៩នាក់ ប៉ុន្តែប្រជាពលរដ្ឋដែលបាន ចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ មានចំនួន ៧,៨៦៥,០៣៣នាក់ ខណៈប្រជាពលរដ្ឋដែល ត្រូវចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧នេះ មានចំនួន ១,៤១២,១៤៩នាក់។ នេះជាចំនួនប៉ាន់ស្មាន។
សូមប្រជាពលរដ្ឋដែលគ្រប់អាយុ និងមានសិទ្ធិបោះឆ្នោតទាំងអស់ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា ដើម្បីទទួលបានសិទ្ធិពេញលេញ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០១៨ ខាងមុខ៕