(បន្ទាយមានជ័យ)៖ យ៉ាងហោចណាស់ មនុស្ស២នាក់បានស្លាប់ ដោយខ្ទេចសាកសពមើលមិនយល់ និងរងរបួសជាច្រើននាក់ផ្សេងទៀត ក្នុងហេតុការណ៍​ផ្ទុះរថយន្តដឹកផាវគ្រាប់បែក យ៉ាងកក្រើក​។

ហេតុការណ៍គួរឲ្យរន្ធត់នេះ កើតឡើងនៅវេលាម៉ោង១១៖០០នាទីព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ តាមបណ្ដោយផ្លូវជាតិលេខ៥ ចំណុចភូមិព្រែកល្ពៅ ឃុំឬស្សីក្រោក ស្រុកមណ្ឌលបុរី ខេត្តបន្ទាយមានជ័យ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដឹកផាវគ្រាប់បែកខាងលើ បានធ្វើចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៥ គោលដៅចេញពីក្រុងប៉ោយប៉ែត ទៅខេត្តបាត់ដំបង លុះដល់ចំណុចកើត​ ស្រាប់តែផ្ទុះយ៉ាងកក្រើកមេឃកក្រើកដីតែម្តង។ ​

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ព័ត៌មានដែលលោកទទួលបាននោះ នៅក្នុងរថយន្ដដែលកើតមានគ្រោះថ្នាក់នេះ មានអ្នកជិះ២នាក់ ហើយទាំង២នាក់នោះត្រូវបានស្លាប់ ដោយខ្ទេចសាកសពមើលមិនស្គាល់នោះទេ។ ដោយឡែកចំនួនមនុស្សដែលរងរបួសនោះ មិនបានដឹងច្បាស់នៅឡើយទេ។

យ៉ាងណាមិញ ជុំវិញហេតុការណ៍នេះ លោកឧត្តមសេនីយ៍ស្នងការ អះអាងថា កម្លាំងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវបន្ដទៀត ព្រោះថា លើរថយន្ដនោះមានដឹកម៉ូតូ៣គ្រឿង និងផាវមួយចំនួន ហើយក៏មិនទាន់ដឹងច្បាស់ថា ផ្ទុះដោយសារផាវ ឬក៏ផ្ទុះដោយអ្វីផ្សេងនោះទេ៕