(សៀមរាប)៖ ក្នុងរយៈពេល៨ខែ ឆ្នាំ២០១៧នេះ ភ្ញៀវទេសចរអន្តរជាតិជាង១.៦លាននាក់ បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទទួលបានចំណូលជិត៧០លានដុល្លារ ដែលក្នុងនោះ ថវិកាជាង២.៦លានដុល្លា បានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា នេះបើតាមការបញ្ជាក់របស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ។
តាមសេចក្ដីប្រកាសព័ត៌មាន ដែលគ្រឹះស្ថានអង្គរ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧នេះបានឲ្យដឹងថា រយៈពេល៨ខែ ដើមឆ្នាំ២០១៧នេះ គឺមានភ្ញៀវទេសចរអន្តរជាតិចំនួន ១,៦០៨,១៧២នាក់ បានទិញប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ ចាប់ពីខែមករា ដល់ ខែសីហា បើធៀបនឹងរយ:ពេល៨ខែដូចគ្នា កាលពីឆ្នាំ២០១៦ គឺមានការកើនឡើង១២.២៨%។ ហើយដែលរកចំណូលសរុបបានចំនួន ៦៩,២៣២,៤១២ដុល្លារអាមេរិក មានការកើនឡើង៦៩.៨២℅ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦។
សម្រាប់ខែសីហា ឆ្នាំ២០១៧ ភ្ញៀវទេសចរអន្តរជាតិ ចំនួន១៩២,៤០៣នាក់ បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរបើធៀបនឹងរយ:ពេលដូចគ្នា ខែសីហា ឆ្នាំ២០១៦ គឺមានការកើនឡើង១១.៨៣% និងបានចំណូល៨,៨៤០,៧៥៦ដុល្លារ មានការកើនឡើង៨០.៧៧℅ ធៀបនឹងខែសីហា ឆ្នាំ២០១៦កន្លងទៅ។
សម្រាប់ការអនុវត្តតម្លៃលក់ប័ណ្ណថ្មី ចូលទស្សនារមណីយដ្ឋានអង្គរ ដែលត្រូវបានចាប់អនុវត្តពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។ សម្រាប់ការអនុវត្តតម្លៃលក់ប័ណ្ណថ្មីនេះ ក្នុងរយៈពេល៧ខែ (កុម្ភៈ ដល់សីហា) រាជរដ្ឋាភិបាលកម្ពុជា បានបដិភាគនូវចំណូលចំនួន២,៦៤២,២៦២ដុល្លារអាមេរិក ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ការពិនិត្យ ព្យាបាល និងសង្រ្គោះអាយុជីវិតកុមារកម្ពុជា។ ការផ្ដល់ជូនថវិកានេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ និងការគិតគូរបន្ថែមទៀតរបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រួលនូវបញ្ហាហិរញ្ញវត្ថុ និងនិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា។
ជាមួយគ្នានេះ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧នេះតទៅ គ្រឹះស្ថានអង្គរ បានដាក់ឱ្យដំណើរការប្រើប្រាស់ ប្រព័ន្ធស្វ័យប្រវត្តិសម្រាប់ការទិញប័ណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ ដោយម៉ាស៊ីនឆូតកាត ដើម្បីមានភាពងាយស្រួលដល់ប្រតិបត្តិករទេសចរ និងភ្ញៀវទេសចរអន្តរជាតិ ក្នុងការទិញប័ណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ៕