(កំពង់ធំ)៖ ព្រះវិហារនៅវត្តឥន្ទ្រីសំវរៈ ហៅវត្តកំពង់ធំ ស្ថិតនៅទីរួមខេត្តកំពង់ធំ ដែលត្រូវបានសាងសង់តាំងពីឆ្នាំ១៩៤៨ ពោលមានរយៈពេល៦៩ឆ្នាំមកនេះ ត្រូវបានព្រះមេគុណ និងជាព្រះចៅអធិការវត្ត ព្រមទាំងគណៈកម្មការវត្តទាំងអស់ សម្រេចជាឯកច្ឆ័នវាយចោលតាំងពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ដោយលើកហេតុផលថា ព្រះវិហារមួយនេះ មានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ជាពិសេសដំបូលព្រះវិហារតែម្ដង ដែលអាចដាក់រលំបង្កមានគ្រោះមហន្ដរាយ នៅពេលណាមួយនោះជាយថាហេតុ។
ប៉ុន្ដែការវាយកម្ទេចចោលព្រះវិហារវ័យចំណាស់មួយនេះ និងដែលត្រូវបានដាក់ជាបេតិកភណ្ឌជាតិនៅឆ្នាំ២០០៧ផងនោះ បានទទួលការរិះគន់ជាបន្ដបន្ទាប់ ពីមជ្ឈដ្ឋានជាច្រើន រហូតដល់ រដ្ឋមន្ដ្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ទៀតផង ហើយអ្នករិះគន់ខ្លះ បានប្រើពាក្យពេជ្យប្រមាថធ្ងន់ៗទៅលើព្រះចៅអធិការវត្តផងដែរ។
សម្រាប់លោក ខៀវ កាញារីទ្ធ បានសរសេរនៅលើ Facebook ផ្លូវការថា «វត្តឥន្ទ្រីសំវរៈ ហៅវត្តកំពង់ធំ ត្រូវបានសាងសង់នៅឆ្នាំ១៦៣៣ ឯព្រះវិហារសាងសង់ឆ្នាំ១៩៤៨ ហើយដាក់ជាបេតភណ្ឌជាតិនៅឆ្នាំ២០០៧។ វិហារនេះមានរូបគំនូរបុរាណជាច្រើន។ តែពេលនេះព្រះសង្ឃរាជវត្ត បានសំរេចឲ្យវាយចោលឥតស្តាយស្រណោះ»។
ឆ្លើយតបនៅការរិះគន់ដែលធ្លាក់មកជាបន្ដបន្ទាប់ និងតាមរយៈការផ្សព្វផ្សាយចែករំលែកព័ត៌មាន តាមបណ្ដាញសង្គម Facebook ជាច្រើននោះ ព្រះតេជគុណ សៀង សុខ ជាព្រះមេគុណខេត្ត និងជាព្រះចៅអធិការវត្តមើលការខុសត្រូវ និងគ្រប់គ្រង់វត្តមួយនេះ បានចេញមកបកស្រាយពីការពិត និងលើកហេតុផលមួយចំនួន ដែលនាំឲ្យមានការវាយចោល ហើយធ្វើការកសាងព្រះវិហារឡើងវិញ តាមរយៈការចូលបច្ច័យពីពុទ្ធបរិស័ទ ក៏ដូចជាថ្នាក់ដឹកនាំផងដែរ។
នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ ព្រះតេជគុណ សៀង សុខ បានមានសង្ឃដីកា ដល់អង្គភាពព័ត៌មាន Fresh News ថា តាមពិតទៅគម្រោងជួសជុលព្រះវិហារឡើងវិញ រួមទាំងដំបូលផងនោះ គឺព្រះអង្គ រួមទាំងគណៈកម្មការវត្ត បានពិភាក្សា និងសម្រេចឲ្យមានការជួលជុលច្រើនដង ប៉ុន្ដែធ្វើទៅមិនរួចដោយសារតែដំបូល ពុកផុយយ៉ាងខ្លាំង ហើយជញ្ជាំងអត់មានសសរគ្រឹះទៀតផង។
ព្រះតេជគុណបានមានសង្ឃដីកាទៀតថា ព្រះវិហារនេះ ក៏ត្រូវបានក្រុមវិស្វករយល់ឃើញថា ព្រះវិហារនេះមិនអាចជួសជុលឡើងវិញបាននោះឡើយ ហើយអាចបង្កគ្រោះថ្នាក់ទៀតផង។
ចំពោះរូបគំនូរនៅតាមជញ្ជាំងព្រះវិហារ ត្រូវបានព្រះតេជគុណលើកឡើងថា មានលក្ខណៈពិសេស ប៉ុន្ដែរូបគំនូរទាំងនេះ ត្រូវបានបាត់បន្ដិចម្ដងៗ ជាពិសេសនៅក្នុងសម័យប៉ុល ពត មានការលាបម្ស៉ៅមីធ្វើឲ្យលុបបំបាត់ ហើយមកដល់ពេលនេះក៏រងការខូចខាតជាច្រើនផងដែរ។ សម្រាប់មជ្ឈដ្ឋានជាច្រើន បានរិះគន់ដោយម្នាក់ៗ សោកស្ដាយការវាយសំណង់ ពីបុរាណជាពិសេស គឺរូបគំនូរ នៅតាមជញ្ជាំងព្រះវិហារ ដោយម្នាក់ចោទជាសំនួរថា ហេតុអ្វីទៅចាំវវាយកម្ទេចចោល មិនទុកនៅដដែល ហើយសាងសង់ព្រះវិហារថ្មី។
ត្រង់ចំណុចនេះ ព្រះតេជគុណ សៀង សុខ បានមានសង្ឃដីកាថា នៅក្នុងវត្តកំពង់ធំ មានបរិវេណតូចចង្អៀតគ្មានកន្លែងណា ដែលអាចសាងសង់ព្រះវិហារថ្មីបាននោះឡើយ។
ជាមួយគ្នានេះ ក្មេងវត្តកំពង់ធំម្នាក់ ដែលបានរស់នៅ និងដេកពូនក្នុងវត្តនោះ ក៏ចេញមករៀបរាប់ពីផលលំបាកក៏ដូចជាស្ថានភាពប្រឈមជាច្រើនផងដែរ ចំពោះព្រះវិហារដ៏ចាស់ ទ្រុឌទ្រោមនេះ។
គណនី Facebook «Sinot Vai» បានចូលទៅComment នៅក្នុង Facebook របស់លោក ខៀវ កាញារីទ្ធ យ៉ាងដូច្នេះថា «ខ្ញុំជាក្មេងវត្ត ស្នាក់នៅវត្តកំពង់ធំ អំឡុងឆ្នាំ2013-2015 ស្ថានភាពព្រះវិហារពេលនោះ ទ្រុឌទ្រោមណាស់ហើយ ដំបូលធ្លុះធ្លាយផ្នែកខាងជើង និងខាងត្បូងខ្លាំង ខាងលិច និងខាងកើត ក៏ធ្លុះធ្លាយដែរ ផ្នែកដំបូលសត្វប្រជៀវរស់នៅរាប់ម៉ឺនក្បាល ជះក្លិនមិនល្អគ្រប់ពេលវេលា ពេលភ្លៀងម្ដងៗ អាចម៌ប្រជៀវហូរជាមួយទឹក តាមផ្ទៃជញ្ជាំង និងសសរជញ្ជាំងប្រេះពុកផុយ សសរក៏មិនមាំ ផ្នែកខាងក្រោយ មានជង្ហុកដោយសារបំណាក់ស្រុត។ ពេលមានបុណ្យទាន ម្ដងៗពួកខ្ញុំ បោសសម្អាតពីរ ឬបីថ្ងៃមុន បើកទ្វារបង្អួចចោល បើមិនធ្វើដូច្នេះ គឺចូលមិនកើតទេ ផ្ទៃនៃផ្ទាំងគំនូរមួយចំនួនមើលស្ទើរលែងឃើញដោយសារអាចម៌ប្រជៀវ ពិដានពុកផុយប្រេះធ្លាក់ ប្រហែលនេះជាមូលហេតុ។ អំឡុងពេលនោះ មេគណខេត្ត ទ្រង់ក៏ខ្វល់ព្រះទ័យដែរ ទ្រង់ប្រជុំ និងបញ្ហាជួសជុលមិនតិចដងទេ។ មួយវិញទៀត គ្រប់អ្នកពាក់ព័ន្ធ គ្មាននរណាម្នាក់អើពើ និងស្ថានភាពព្រះវិហារសោះ ពិដានខាងលើធ្លាប់ធ្លាក់ជិតត្រូវពួកខ្ញុំម្ដងដែរ។ បើបន្ទោសមេគណខេត្ត និងគណៈកម្មការ គឺមិនត្រូវទាំងស្រុងនោះទេ ព្រោះខាងធម្មការម្ដេច មិនផ្ដល់យោបល់ ហើយអ្នកពាក់ព័ន្ធម្ដេចមិនយកចិត្តទុកដាក់ផង»៕