(ភ្នំពេញ)៖ ប្រ​ជា​ពល​រដ្ឋ​ រស់​នៅ និង​ប្រ​ក​ប​របរ​អាជីវកម្ម​​​តាម​ដង​ផ្លូវ ​​ក្នុង​រាជ​ធានី​ភ្នំពេញ​បាន​សាទរ​ ចំពោះ​ការ​ចូលរួម​សម្អាត​ផ្លូវ​នានា របស់​ក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស។​

ជាផ្នែក​មួយ​ក្នុង​ការ​ថែ​រក្សា​បរិស្ថាន​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ក្រុមហ៊ុន ខ្មែរ​ ប៊ែវើរីជីស​ បាន​សហការ​​ជាមួយ​​សាលារាជធានី​ភ្នំពេញ​ បញ្ជូនរថយន្ត​សម្អាត​ផ្លូវ​ចំនួន​ពីរ​គ្រឿង​ទៅ​ជួយ​សម្អាត​វិថីនានា​​នៅ​ក្នុង​រាជ​ធានី​ ​ប្រ​វែងសរុប ១២១គីឡូម៉ែត្រ​ រហូត​ដល់​ចុង​ខែកញ្ញា ឆ្នាំ​២០១៧ ក្រោម​​យុទ្ធនាការ​ «ទីក្រុង​ស្អាត​ សុខភាពល្អ»។​​

វណ្ណៈ ស្រីវិន ជា​អ្នកលក់ទឹកអំពៅ​ នៅខាងមុខផ្សារធំថ្មី បាននិយាយទាំងញញឹមថា​ ការ​សម្អាត​នេះនឹងជួយឲ្យការ​ប្រកប​របរ​របស់​គាត់​ប្រសើរជាង​មុន​ «កាលពីមុន​ មិន​ទាន់​បាន​លាង​ផ្លូវ​អញ្ចឹង​ ពេល​ឡាន​ ម៉ូតូ​ ជិះកាត់​ដីវាហុយតោងលើអំពៅ និងឥវ៉ាន់ផ្សេងៗទៀត​ ហើយអ្នកទិញគាត់មិនចង់​បាន​របស់​ដែល​បាន​ដីតោងអញ្ចឹង»។

រុំ សារ៉េន ជាជាងកាត់ដេរនៅតាមបណ្តោយផ្លូវវេងស្រេង ក៏គាំទ្រក្នុងសកម្មភាពសម្អាតផ្លូវនេះដែរ «ផ្លូវនេះពីមុន ហ៊ុយខ្លាំងណាស់ រហូតដល់ដីតោងខោអាវខ្ញុំដេរទៀត។ ពេលមកសម្អាតផ្លួវចឹង វាលែងមានដីហ៊ុយ ព្រោះឡានហ្នឹងបាញ់ទឹក ហើយបូមដីយកទៅអញ្ចឹង ហើយត្រជាក់ទៀត»

មិនខុសពីគ្នានេះដែរ ផុន ប៉ូឡែន ជាអាជីវករម្នាក់​ទៀត​នៅ​លើ​ផ្លូវ​វែងស្រេង​ បាន​សម្តែង​អារម្មណ៍​​រីក​រាយ​ថា «ខ្ញុំអរណាស់ បានខាងក្រុមហ៊ុនមកលាងសម្អាតបែបនេះ។​ ពីព្រោះខ្ញុំ​បើទ្វារ​រកស៊ី​ដូច្នេះកាលណាផ្លូវស្អាត ខ្ញុំមានចំណូលច្រើន»។

គិតមកទល់ពេលនេះ​ រថយន្ត​សម្អាត​ផ្លូវរបស់​ក្រុមហ៊ុន ​ខ្មែរ ប៊ែវើរីជីស ​បាន​សម្អាត​ផ្លូវ​សំខាន់ៗ​ដូចជា​ ​ផ្លូវ​ជាតិ​លេខ១ មហាវិថី​សហព័ន្ធ​​​រុស្សី​ មហាវិថី​ព្រះ​នរោត្តម មហាវិថី​ព្រះ​សុធារស មហាវិថី​ព្រះមុនីវង្ស ​មហាវិថីព្រះសីហនុ​ និង​ផ្លូវ​វេង​ស្រេង។

យុទ្ធនាការ «ទីក្រុងស្អាត សុខភាពល្អ» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចាប់ផ្តើម នៅ​ដើម​ឆ្នាំ​២០១៧ដោយ​ជួយសម្អាត​ផ្លូវ​ក្នុង​គ្រប់​ខេត្ត​ក្រុង​ ហើយរាជធានីភ្នំពេញ​ គឺ​ជា​គោល​ដៅ​ទី១០​ របស់​យុទ្ធនា​ការ​នេះ៕