(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រកាសជូនដំណឹងទៅកាន់ប្រជាពលរដ្ឋទូទៅ មិនថានៅក្នុងខេត្ត ឬក្រៅខេត្តនោះទេ សូមកុំទៅទិញផ្ទះ ពី Page Facebook មួយឈ្មោះ «ទីក្រុងលង្វែក Longvek City» ព្រោះថា គម្រោងអភិវឌ្ឍន៍នេះ គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ និងកំពុងជាប់ពាក់ព័ន្ធដីជាមួយបងប្អូនប្រជាពលរដ្ឋ។ នេះបើតាមសេចក្ដី បញ្ជាក់ព័ត៌មានរបស់អ្នកនាំពាក្យ សាលាខេត្តកំពង់ឆ្នាំង ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃ០១ ខែកញ្ញា ឆ្នាំ២០១៧។
អ្នកនាំពាក្យសាលាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កន្លងមកអាជ្ញាធរខេត្ត បានសង្កេតឃើញមានផេកមួយឈ្មោះ ទីក្រុងលង្វែក Longvek City បានផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍ ដែលមានផ្ទះល្វែង ផ្ទះធ្វើអាជីវកម្ម និងអាជីវកម្ម និងវីឡាទោល ស្ថិតក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ករណីខាងលើនេះ អ្នកនាំពាក្យសាលាខេត្តកំពង់ឆ្នាំង សូមជម្រាបជូនសាធារណៈជន និងប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបដូចខាងក្រោម៖
* គម្រោងអភិវឌ្ឍន៍ខាងលើនេះ ពុំទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវ ពីមន្ទីរជំនាញ អាជ្ញាធរ និងក្រសួងពាក់ព័ន្ធនៅឡើយ។
* ដីដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍នេះ កំពុងជាប់ពាក់ព័ន្ធជាមួយបងប្អូនប្រជាពលរដ្ឋ។
* សូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នក្នុងការទិញ-ដូរ តាមរយៈការផ្សព្វផ្សាយជៀសវាងការចាញ់បោកពីសំណាក់ជនឆ្លៀសឱកាស។
សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីប្រកាសព័ត៌មានខាងក្រោមនេះ៖