(កណ្តាល)៖ កម្លាំងអាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជយញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដកហូតបានវត្ថុតាងមួយចំនួនធំ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេតុ្តកណ្តាល។
ប្រតិបត្តិការចុះបង្រាបនេះ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ដែលលោកតែងតែឲ្យកងកម្លាំង ត្រូវយកចិត្តទុកដាក់ ការបង្ក្រាបបទល្មើសនានា នៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួន ជាពិសេសករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ លោកឧត្តមសេនីយ៍ក៏បានដាស់តឿន ដល់កម្លាំងក្រោមឱវាទ ត្រូវអនុវត្តការងាររបស់ខ្លួន ដូចភ្លៀវរលឹមដើម្បីលុបបំបាត់បទល្មើសទាំងនេះ ឱ្យស្របតាមយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំប្រទេស។
ជាក់ស្តែងនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ចំណុចផ្ទះមួយដែលគ្មានមនុស្សរស់នៅ (ទុកចោល) ស្រុកកៀនស្វាយ ខេត្តកណ្តាល កម្លាំងអាវុធហត្ថស្រុកកៀនស្វាយ សហការជាមួយកម្លាំងអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ពក សាង នាយរងសេនាធិការទទួលការងារគ្រឿងញៀន ដោយមានការសម្របសម្រួល នីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនល្មើស២នាក់ រស់នៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេតុ្តកណ្តាល។
ជនសង្ស័យទាំង២នាក់មានឈ្មោះ ទី១៖ ឈ្មោះ ប៉ាលី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២៖ ឈ្មោះ ចន្នី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ជនសង្ស័យទាំង២នាក់ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ វត្ថុតាងរួមមាន៖ ១៖ ម្សៅក្រាមពណ៌ស (ម៉ាទឹកកក) ចំនួន៥១កញ្ចប់ (៥០កញ្ចប់តូច,និងមធ្យមចំនួន១កញ្ចប់) រួមនឹងសម្ភារប្រើប្រាស់ មួយចំនួនធំទៀតផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងត្រូវកម្លាំងអាវុធហត្ថខេត្តកណ្តាល កសាងសំណុំរឿងដើម្បីបញ្ជូនទោកាន់សាលាដំបូងខេត្តកណ្តាល ចាត់ការតាមនីតិវិធីច្បាប់៕