(ក្រចេះ)៖ គណៈបញ្ជាការឯកភាពស្រុកព្រែកប្រសព្វ សហការជាមួយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានចុះបង្ក្រាបបទល្មើសជលផល ដែលជនខិលខូចមួយចំនួន លួចធ្វើនេសាទខុសច្បាប់ នៅឃុំចំនួនពីរក្នុងស្រុកព្រែកប្រសព្វ។ ប្រតិបត្តិការនេះធ្វើឡើងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ម្សិលមិញ នៅចំណុចទំនាបលិចទឹក បឹងកូនក្រពើភូមិក្រហមក ឃុំតាម៉ៅ និងចំណុចទំនាបលិចទឹក អូរកោះតាស៊ុយ ភូមិចុងកោះ ឃុំកោះតាស៊ុយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
លោក បែន ប៊ុណ្ណារ៉ាវុធ នាយផ្នែកជលផលស្រុកព្រែកប្រសព្វ បានថ្លែងថា ប្រតិបត្តិការនេះដឹកនាំដោយលោក កែម ហៀង អភិបាលរងស្រុក ហើយការចុះ បង្ក្រាបបទល្មើស នេសាទនោះ កម្លាំងចូលរួមសហការជាមួយខណ្ឌរដ្ឋបាលខេត្តក្រចេះ គណៈបញ្ជាការឯកភាពស្រុកព្រែកប្រសព្វ ផ្នែកជលផល ព្រែកប្រសព្វ នគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំតាម៉ៅ និងសហគមន៍នេសាទ។
លោក បែន ប៊ុណ្ណារ៉ាវុធ បានបន្ដថា កម្លាំងបានដកហូតវត្ថុតាងនៅចំនុចទំនាបលិចបឹង កូនក្រពើភូមិក្រហមក ឃុំតាម៉ៅរិបអុសបានរួមមាន៖ របាំងព្រួលស្បៃមុងចំនួន៥ខ្សែ ប្រវែវ៤០០ម៉ែត្រ របាំងសាច់អួនក្រឡាញឹក១៧ខ្សែ ប្រវែង១៣០០ម៉ែត្រ, បង្គោលឬស្សីឃ្លៃចំនួន៦៦០ដើម, លូស្បៃ មុងចំនួន៥មាត់លូ, លបសាច់អួនក្រឡាញឹកចំនួន១៧គ្រឿង និងចាក់លែងកូនត្រី ចូលទៅក្នុងបឹងធម្មជាតិវិញចំនួន៨៥គីឡូក្រាម។
នៅចំណុចទំនាបលិចទឹកអូរកោះតាស៊ុយ ភូមិចុងកោះ ឃុំកោះតាស៊ុយ កម្លាំងបានរឹបអូសរបាំងស្បៃមុងចំនួន១ខ្សែប្រវែង១៥០មែត្រ, របាំងព្រួលសាច់ អួនក្រឡាញឹកចំនួន២ខ្សែប្រវែង៩០ម៉ែត្រ, លូស្បៃមុងចំនួន១មាត់លូ, លបសាច់អួនក្រឡាញឹកចំនួន២គ្រឿង, បង្គោលឬស្សី ចំនួន៧៥ដើម និង ចាក់លែងកូនត្រីចូលបឹងធម្មជាតិវិញចំនួន៤០គីឡូក្រាម, និងដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងផងដែរ៕