(ភ្នំពេញ)៖ បច្ចុប្បន្នវិស័យកីឡាកម្ពុជា កំពុងមានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ ខណៈរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់កាន់តែខ្លាំង ហើយក៏តែងតែផ្ដល់ការលើកទឹកចិត្តនូវប្រាក់រង្វាន់ដ៏ច្រើន បន្ទាប់ពីអត្តពលិកដណ្ដើមបានមេដាយលើឆាកអន្ដរជាតិ គ្រាដែលក្រុមហ៊ុនឯកជនមួយចំនួន ក៏បានចូលរួមឧបត្ថម្ភផងដែរ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ក្រុមអត្តពលិកជម្រើសជាតិកម្ពុជា ទើបតែបញ្ចប់បេសកកម្មចូលរួមប្រកួតកីឡាស៊ីហ្គេម SEA Games លើកទី២៩ នៅម៉ាឡេស៊ី ដោយរក្សាបាននូវចំណាត់ថ្នាក់លេខ៨ ក្រោយដណ្ដើមបានមេដាយសរុប១៧គ្រឿង ក្នុងនោះរួមមានមេដាយមាស៣ ប្រាក់២ និងមេដាយសំរឹទ្ធ១២គ្រឿង។

ប្រាក់រង្វាន់ត្រៀមផ្ដល់ជូនម្ចាស់ជយលាភីស៊ីហ្គេម ឆ្នាំ២០១៧នេះ គឺមាន៤ផ្នែកសំខាន់ៗ រួមមានប្រាក់រង្វាន់តាមអនុក្រឹត្យរាជរដ្ឋាភិបាល, ប្រាក់រង្វាន់ផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ប្រាក់រង្វាន់ពីក្រុមហ៊ុនស្រាបៀអង្គរ និងប្រាក់រង្វាន់របស់ក្រុមហ៊ុនណាហ្គាវើល។ ដូច្នេះតើម្ចាស់មេដាយនីមួយៗ ត្រូវទទួលបានប្រាក់រង្វាន់សរុបខ្ទង់ប៉ុន្មាន?

១, អនុក្រឹត្យរាជរដ្ឋាភិបាល ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣

មេដាយមាស ទទួលបាន ៤០លានរៀល ស្មើនឹង ១០,០០០ដុល្លារ (ក្នុង១គ្រឿង)
មេដាយប្រាក់ ទទួលបាន ៣០លានរៀល ស្មើនឹង ៧,៥០០ដុល្លារ (ក្នុង១គ្រឿង)
មេដាយសំរឹទ្ធ ទទួលបាន ១៦លានរៀល ស្មើនឹង ៤,០០០ដុល្លារ (ក្នុង១គ្រឿង)

២, ប្រាក់រង្វាន់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា

មេដាយមាស ទទួលបាន ៥,០០០ដុល្លារ (ក្នុង១គ្រឿង)
មេដាយប្រាក់ ទទួលបាន ៣,០០០ដុល្លារ (ក្នុង១គ្រឿង)
មេដាយសំរឹទ្ធ ទទួលបាន ២,០០០ដុល្លារ (ក្នុង១គ្រឿង)

៣, ក្រុមហ៊ុនស្រាបៀអង្គរ

មេដាយឯកត្តជន
មេដាយមាស ទទួលបាន ៦,០០០ដុល្លារ (ក្នុង១គ្រឿង)
មេដាយប្រាក់ ទទួលបាន ៣,០០០ដុល្លារ (ក្នុង១គ្រឿង)
មេដាយសំរឹទ្ធ ទទួលបាន ១,០០០ដុល្លារ (ក្នុង១គ្រឿង)

មេដាយជាក្រុម (Team Sports)
មេដាយមាស ទទួលបាន ៨,០០០ដុល្លារ (ក្នុង១ក្រុម)
មេដាយប្រាក់ ទទួលបាន ៥,០០០ដុល្លារ (ក្នុង១ក្រុម)
មេដាយសំរឹទ្ធ ទទួលបាន ៣,០០០ដុល្លារ (ក្នុង១ក្រុម)

៤, ក្រុមហ៊ុនណាហ្គាវើល ឧបត្ថម្ភតែមេដាយមាស ក្នុងនោះមេដាយមាសឯកត្តជនទទួលបាន ៣,០០០ដុល្លារ ខណៈមេដាយមាសជាក្រុម ទទួលបាន ៥,០០០ដុល្លារ។

ដូច្នេះសរុបប្រាក់រង្វាន់ ដែលត្រូវទទួលបានសម្រាប់មេដាយមួយគ្រឿងលើវិញ្ញាសាឯកត្តជន គឺមេដាយមាស ទទួលបានប្រមាណ ២៤,០០០ដុល្លារ, មេដាយប្រាក់ ទទួលបានប្រមាណ ១៣,៥០០ដុល្លារ និងមេដាយសំរឹទ្ធ ទទួលបានប្រមាណ ៧,០០០ដុល្លារ។

សូមបញ្ជាក់ផងដែរថា សម្រាប់មេដាយមាស ប្រាក់ និងសំរឹទ្ធ ជាក្រុមអាចមានការប្រែប្រួល ទៅតាមការបែងចែកប្រាក់រង្វាន់ខាងលើ៕