(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងស្ថានទូតឡាវ បានជួយដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍​របស់ពលក-ពលការិនីខ្មែរ​២៦នាក់ ឱ្យត្រឡប់មកកម្ពុជា បានដោយជោគជ័យ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងថា ពលការិនី ញ.ស.ណ អាយុ២៧ឆ្នាំ មកពីស្រុកមេមត់ ខេត្តក្រត្បូងឃ្មុំ,បានទៅធ្វើការនៅប្រទេសម៉ាឡេស៊ីដោយខុសច្បាប់ ធ្វើការងារតាមផ្ទះ កាលឆ្នាំ២០១៤, ទី២៖ ពលការិនី ឃ.ស.ម អាយុ១៨ឆ្នាំ មកពីខេត្តក្រចេះ បានធ្វើដំណើរតាមរថយន្តកាត់តាមប្រទេសថៃទៅប្រទេសម៉ាឡេស៊ីដោយខុសច្បាប់ ហើយធ្វើការនៅភោជនីយដ្ឋាន កាលពីខែសីហា ឆ្នាំ២០១៥,​ទី៣៖ ពលការិនី ខ.ស.ភ អាយុ៣៦ឆ្នាំ មកពីស្រុកលើកដែក ខេត្តកណ្តាល បានធ្វើដំណើរតាមរថយន្ត កាត់តាមប្រទេសថៃ ទៅប្រទេសម៉ាឡេស៊ីដោយខុសច្បាប់ ហើយធ្វើការនៅហាងលក់ទំនិញ កាលពីខែកុម្ភះ ឆ្នាំ២០១៦។

ពលការិនីទាំង៣នាក់ បានទៅស្ថានទូតស្នើរសុំជួយឱ្យបានត្រឡប់មកកម្ពុជាវិញ ហើយស្ថានទូតបានចេញលិខិតធ្វើដំណើរ និងសម្របសម្រួលជាមួយការិយាល័យ អន្តោប្រវេស៍ម៉ាឡេស៊ី និងជាមួយអង្គការអន្តោប្រវេសន៍ (IOM) ដែលបានឧបត្ថម្ភបុត្រយន្តហោះ ជូនពលការិនីទាំង៣នាក់។ក្នុងអំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគជូនអ្នកទាំង៣ផងដែរ។ ពលការិនីខ្មែរខាងលើ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០១៧ វេលាម៉ោង ១០:00 នាទីព្រឹក តាមជើងយន្តហោះ MH754។

២៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឡាវ បានអន្តរាគមជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ឡាវ ឱ្យមានការដោះលែងពលករខ្មែរ ចំនួន២៣នាក់ ដែលត្រូវបានមេខ្យល់នាំធ្វើដំណើរចូលទៅធ្វើការខុសច្បាប់នៅការដ្ឋានសំណង់នៅខេត្តលួងណាំថា ប្រទេសឡាវ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ ហើយត្រូវអាជ្ញាធរឡាវចាប់ឃាត់ខ្លួននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧។

ស្ថានទូតបានរៀបចំមាតុភូមិនិវត្តន៍របស់ពលករទាំង២៣នាក់ មកកម្ពុជាវិញតាមរថយន្ត នាថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០១៧ ដោយសហការជាមួយស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងប៉ាកសេ ប្រទេសឡាវ៕