Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ ប៉ុល សារឿន ប្រាប់នាយឧត្តមសេនីយ៍ មាស សុភា ចាត់វិធានការ និងអប់រំមេយោធាខេត្តមណ្ឌលគិរី រឿងពាក់ព័ន្ធបទល្មើសព្រៃឈើនៅតំបន់អូរហ៊ុច

01-09-2017 09:40

(មណ្ឌលគិរី)៖ នាយឧត្តមសេនីយ៍ផ្កាយមាស៤ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានផ្ញើលិខិតជម្រាបទៅ នាយឧត្តមសេនីយ៍ មាស សុភា មេបញ្ជាការកងទ័ពជើងគោក ឲ្យចាត់វិធានការ និងណែនាំទៅលើមេបញ្ជាការតំបន់ប្រតិបត្តិការសឹងរង ខេត្តមណ្ឌលគិរី គឺលោកឧត្តមសេនីយ៍ត្រី ឃិន ម៉េងស្រេង ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ នៅក្នុងភូមិសាស្ដ្រព្រំដែនអូរហ៊ុច ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ នេះបើយោងតាមលិខិត នាយឧត្តមសេនីយ៍ផ្កាយមាស៤ ប៉ុល សារឿន ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ។

នៅក្នុងលិខិតនេះ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧កន្លងទៅ នាយឧត្តមសេនីយ៍​ ប៉ុល សារឿន បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ឃិន ម៉េងស្រេង បានកំហុសធ្វេសប្រហែស ក្នុងការបំពេញភារកិច្ច និងធ្វេសប្រហែសក្នុងការបំពេញការងារ ក្រោមឥទ្ធិពលករណីបទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចប៉ុស្ដិ៍នគរបាល ការពារព្រំដែនអូរហ៊ុច នៃវរសេនាតូចនគរបាលព្រំដែនគោកលេខ៦២១ ក្នុងភូមិសាស្ដ្រឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

នាយឧត្តមសេនីយ៍​ ប៉ុល សារឿន បានជម្រាបជូនទៅនាយឧត្តមសេនីយ៍ មាស សុភា យ៉ាងដូច្នេះទៀតថា «ចំណារ សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ការពារជាតិ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ សម្រេចឲ្យមានវិធានការអប់រំដល់យោធិន ដែលមានកំហុសដូចខាងលើ ហេតុនេះសូមឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក មានវិធានការធ្វើការអប់រំ ណែនាំដល់លោកឧត្តមសេនីយ៍ត្រី ឃិន ម៉េងស្រេង មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្តមណ្ឌលគិរី តែនៅរក្សាមុខតំណែងដដែល»។

សូមបញ្ជាក់ថា ដោយសារពាក់ព័ន្ធបទល្មើសព្រៃឈើ នៅតំបន់អូរហ៊ុចនោះ ថ្នាក់ដឹកនាំនាពេលកន្លងទៅក៏បានកោះហៅ ក៏ដូចជាមានវិធានការមួយចំនួនផងដែរ ទៅលើមន្ដ្រីពាក់ព័ន្ធជាច្រើននាក់ ក្នុងនោះមានទាំងកងកម្លាំងប្រដាប់អាវុធ ​និងមន្ដ្រីតុលាការផងដែរ៕