(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ នឹងយកថវិកាដែលមកបានពីការរ៉ៃអង្គាស រយៈពេល៣០ថ្ងៃ ក្នុងការជួយកសាង​ចេតិយ ជូនសព​លោកបណ្ឌិត កែម ឡីនោះ ទៅប្រគល់ជូនក្រុមគ្រួសារលោកបណ្ឌិត នៅឯស្រុកកំណើត នាខេត្តតាកែវ ផ្ទាល់តែម្តង។ ចំណែកចំនួនទឹកប្រាក់នៃការរ៉ៃអង្គាសនោះ មិនទាន់ដឹងចំនួនប៉ុន្មាននៅឡើយនោះទេ ហិបដាក់ថវិកានោះត្រូវបានប្រគល់ជូន ក្រុមគ្រួសាររបស់លោកបណ្ឌិត កែម ឡី បើកសោរដោយខ្លួនឯងរាប់ដោយផ្ទាល់តែម្តង។

​លោក ពេជ្រ ស្រស់ បានថ្លែង​ថា ​ក្នុងយុទ្ធនាការនេះគណបក្សយុវជនកម្ពុជា បានចំណាយថវិកាផ្ទាល់ខ្លួន សរុបជាង២៣០០ដុល្លារ ដើម្បីចាយវាយលើការធ្វើដំណើរស្នាក់នៅ និងហូបចុក នៅពេលចុះយុទ្ធនាការ ប៉ុន្ដែពួកយើងសប្បាយចិត្តក្នុងការងារជួយរកថវិកា ដើម្បីកសាងចេតិយជូន សពលោកបណ្ឌិត កែម ឡី ខុសពីគណៈកម្មការមុន មិនហ៊ានពុះពារឧបសគ្គដើម្បីការងារ បានតែអួតក្អេងក្អាងតែប៉ុណ្ណោះ ធាតុពិតគ្មានបានការឡើយ។​

បើតាមការបញ្ជាក់ពីប្រធានគណបក្សរូបនេះ នៅពេលយុទ្ធនាការ បងប្អូនខ្មែរជាច្រើននាក់បានសម្តែងការមិនពេញចិត្ត ចំពោះក្រុមព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលមានលោក ប៉ា ងួនទៀង ផងដែរនោះ ដោយពួកគាត់បានដាក់ងារឲ្យក្រុមនោះថា ជាក្រុមតាមស៊ីកេរ្តិ៍សពលោកបណ្ឌិត កែម ឡី​។

សូមជម្រាបថា យុទ្ធនាការរ៉ៃអង្គាសថវិកានេះ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ដោយបានចាប់ផ្ដើមពីខេត្តត្បូងឃ្មុំ បន្ដតាមបណ្ដាខេត្តនានា មកកាន់រាជធានីភ្នំពេញ៕