(ភ្នំពេញ)៖ អគ្គសិនីកម្ពុជា (EDC) បានបញ្ជាក់ឲ្យដឹងថា គិតមកដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ការតភ្ជាប់បណ្តាញអគ្គិសនីទៅដល់បន្ទប់កម្មករ ដើម្បីពួកគេទទួលបានតម្លៃប្រើប្រាស់អគ្គិសនីទាបនោះ សម្រេចបានចំនួន ២៦៤,៥៩៤បន្ទប់ហើយ។
បន្ទាប់ពីទទួលបានអនុសាសន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការធ្វើឲ្យកម្មករទទួលបានតម្លៃប្រើប្រាស់អគ្គិសនី ដែលជាតម្លៃអនុគ្រោះរបស់រាជរដ្ឋាភិបាល គឺតម្លៃ ៦១០រៀល សម្រាប់អ្នកប្រើក្រោម ៥០គីឡូវ៉ាត់ ក្នុងមួយខែនោះ អគ្គិសនីកម្ពុជា បានចាប់ផ្តើមតបណ្តាញអគ្គិសនីទៅតាមបន្ទប់របស់កម្មករ កម្មការិនី ចាប់តាំងពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥មកម្ល៉េះ។
អគ្គិសនីកម្ពុជា បានថ្លែងកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ផ្ទះជួល បន្ទប់ជួល អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងកម្មករ កម្មការិនីទាំងអស់ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ធ្វើឲ្យការងារតបណ្តាញអគ្គិសនីនេះទទួលបានជោគជ័យ សម្រាប់ផ្តល់ជាប្រយោជន៍ជូនដល់កម្មករ កម្មការិនី៕