(ភ្នំពេញ)៖ មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា បានថ្លែងថា ទោះបីជាយុវជនជាង ៦៥% នៃប្រជាជនកម្ពុជាកើតមិនទាន់របបខ្មែរក្រហម ប៉ុន្តែយុវជនទាំងនោះ គឺជាសាក្សីរស់នៃដំណើរការនាំយកអតីតមេដឹកនាំខ្មែរក្រហម និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតមកជំនុំជម្រះក្តី ដើម្បីស្វែងរកយុត្តិធម៌ និងការពិត ជូនជនរងគ្រោះក្នុងរបបខ្មែរក្រហមក៏ដូចមនុស្សជាតិទាំងមូល។
លោក នេត្រ ភក្ត្រា ថ្លែងយ៉ាងដូច្នេះ នៅចំពោះ មុខសិស្សានុសិស្សនិងយុវជនជាង ៣០០ នាក់មកពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមដែលបានមកធ្វើទស្សនកិច្ចសិក្សានៅសាលាក្តីខ្មែរក្រហម សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍បឹងជើងឯក នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៧។
លោក នេត្រ ភក្ត្រា បានធ្វើបទបង្ហាញពីដំណើរការរបស់សាលាក្តីខ្មែរក្រហម ចាប់តាំងពីការដំណាក់កាលចរចាបង្កើតតុលាការតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា រហូតដល់ការចុះកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ការបង្កើតច្បាប់ស្តីពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងបន្តរហូតដល់ដំណើរវិឌ្ឍថ្មីនៃតុលាការនេះក្នុងការជំនុំជម្រះក្តី។
លោកនេត្រ ភក្ត្រា បានបញ្ជាក់ថា ការជំនុំជម្រះក្តីលើឧក្រិដ្ឋកម្ម នៅក្នុងរបបខ្មែរក្រហមគឺជាដំណើរនៃការផ្សះផ្សាជាតិ និងចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។ មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងថា ការយល់ដឹងរបស់យុវជនលើរឿងរ៉ាវសោកនាដកម្មដែលកើតឡើងក្នុងរបបខ្មែរក្រហមជាការចាំបាច់បំផុត។
មន្ត្រីនាំពាក្យរូបនេះបានគូសបញ្ជាម់ថា៖ «យុវជនត្រូវសិក្សាពីប្រវត្តិសាស្ត្ររបស់ខ្លួនឱ្យបានច្បាស់លាស់ ជាពិសេសរឿងរ៉ាវ ដែលកើតឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីចៀសវាងការប្រព្រឹត្តកំហុសច្រំដែលជាន់ដានប្រវត្តិសាស្ត្រ នាំឱ្យមានការស្លាប់បាត់បងជីវិតប្រជាជន ហើយខឿនសេដ្ឋកិច្ចជាតិ ត្រូវបានបំផ្លិចបំផ្លាញដូចពីអតីតកាល»។
លោក នេត្រ ភក្ត្រា បានបន្ថែមថា ការជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មដែលបានកើតឡើងនៅក្នុង របបខ្មែរក្រហម គឺក្នុងគោលបំណងដើម្បីស្វែងរកអ្នកទទួលខុសត្រូវលើឧក្រិដ្ឋកម្ម ផ្តល់យុត្តិធម៌ជូនជនរងគ្រោះដែលបានស្លាប់បាត់ បង់ជីវិត និងអ្នកដែលកំពុងរស់រានមានជីវិតពីរបបខ្មែរក្រហម ព្រមទាំងចូលរួមស្វែងរកការពិតជូនមនុស្សជាតិទាំងមូលថាតើមានអ្វីកើតឡើងពិតប្រាកដក្នុងរបបនេះ បានជាធ្វើឱ្យមនុស្សយ៉ាងហោចណាស់ចន្លោះពី ១,៧ លាន ទៅ ២,២ លាននាក់ស្លាប់បាត់បង់ជីវិត។
លោកបន្តថា ការចងចាំអំពីប្រវត្តិសាស្ត្រកម្ពុជាក៏ ជាផ្នែកមួយដែលជួយឱ្យយុវជនបានយល់ដឹងកាន់តែស៊ីជម្រៅ បន្ថែមពីលើរឿងរ៉ាវដែលឪពុកម្តាយ និងជីដូនជីតារបស់ខ្លួនដែលហែលឆ្លងកាត់ និយាយប្រាប់ និងចៀសឱ្យផុតពីការជាន់ដានប្រវត្តិសាស្ត្រ។ ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា ក៏បានលើក ទឹកចិត្តដល់ជនរងគ្រោះនៃរបបខ្មែរក្រហមជួយនិយាយបន្ត និងផ្សព្វផ្សាយពីរឿងរ៉ាវដែលគាត់បានជួបប្រទះនៅក្នុងរបបខ្មែរក្រហមជូនដល់ក្មេងៗជំនាន់ក្រោយដើម្បីការចងចាំ ទោះបីជាការរំលឹករឿងរ៉ាវនេះធ្វើ ឱ្យពលរដ្ឋមួយចំនួនមានការឈឺចាប់ ពេលរំលឹកពីការឈឺចុកចាប់ រងទុក្ខវេទនារបស់ខ្លួន ព្រោះដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញ នូវសោកនាដកម្មដូចរបបខ្មែរក្រហមនេះមកលើទឹកដីកម្ពុជាជាថ្មីទៀត៕