(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំការតាំងពិព័រណ៍បច្ចេកវិទ្យា ទូរគមនាគមន៍ ព័ត៌មានវិទ្យា ឆ្នាំ២០១៧ រយៈពេល១សប្ដាហ៍ នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដោយមានការអញ្ជើញចូលរួម ពីលោកបណ្ឌិត និត ប៊ុនឡៃ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧត្ដមសិក្សា ជាអធិបតីបើកកម្មវិធីពិព័រណ៍ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។
លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានឱ្យដឹងថា ពិព័រណ៍អប់រំបច្ចេកវិទ្យា ទូរគមនាគមន៍ ព័ត៌មានវិទ្យា ឆ្នាំ២០១៧នេះ គឺចាប់ផ្តើមពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប អគារមាស ជាន់ទី៤ ដែលមានការដាក់បង្ហាញពីសមិទ្ធផល នៃការសិក្សារបស់និស្សិតលើជំនាញ ICT និងផ្សព្វផ្សាយ ពីសេវាកម្មនានា ទាក់ទងពីវិស័យ ICT របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជូនដល់សិស្ស និស្សិត អ្នកសិក្សាស្រាវជ្រាវ និងមហាជនទូទៅឱ្យបានយល់កាន់តែច្បាស់ និងឱ្យពួកគេបានស្វែងយល់ពីអត្ថប្រយោជន៍ នៃការសិក្សា ការប្រើប្រាស់ ICT ក្នុងវិស័យអប់រំ នាពេលបច្ចុប្បន្ន ជាពិសេសក្នុងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។
លោកក៏បានបញ្ជាក់បន្ថែមទៀតថា លទ្ធផលសិក្សារបស់និស្សិត ដែលសិក្សាលើជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ត្រូវបានជ្រើសរើសយកធ្វើការ ដាក់តាំងបង្ហាញ ដែលក្នុងនោះមានប្រព័ន្ធគ្រប់គ្រងការសិក្សាពីចម្ងាយ ការលក់ផលិតផលតាមអនឡាញ គ្រប់គ្រងបណ្តាញកុំព្យូទ័រ អភិវឌ្ឍន៍គេហទំព័រសម្រាប់ផ្សព្វផ្សាយមួយចំនួន នៅតាមស្ថាប័ន ដែលពួកគាត់ បានចុះកម្មសិក្សាបានជោគជ័យ។ ក្រៅពីនេះការអភិវឌ្ឍន៍កម្មវិធីគ្រប់គ្រងការងារ នៅក្នុងសាកលវិទ្យាល័យ (University Management System) និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រង ក៏ត្រូវបានរៀបចំ រួចជាស្រេច សម្រាប់ដាក់បង្ហាញជូនទស្សនា និងស្វែងយល់នៅក្នុងកម្មវិធីពិព័រណ៍នេះផងដែរ។
ក្នុងឱកាសនោះ លោកបណ្ឌិត និត ប៊ុនឡៃ បានថ្លែងថា ICT ពិតជាបានជួយជំរុញការងារគ្រប់គ្រង ការរៀន ការបង្រៀន និងការស្រាវជ្រាវឲ្យមានប្រសិទ្ធភាព ដើម្បីឲ្យកម្ពុជា មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ គឺយើងត្រូវការអភិវឌ្ឍនូវធនធានមនុស្ស ហើយធនធានមនុស្សនោះទៀតសោត ត្រូវតែមានចំណេះដឹងផ្នែក ICT នេះជាការចាំបាច់ ទោះបីជានិស្សិតសិក្សាជំនាញ ណាមួយក៏ដោយ។
ទន្ទឹមនឹងនោះ លោកក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស ពិសេសមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ព្រមទាំងមហាវិទ្យាល័យពាក់ព័ន្ធ ដែលបានរៀបចំឲ្យ មានកម្មវិធីតាំងពិព័រណ៍នេះឡើង ក្នុងគោលបំណង ជំរុញការប្រើប្រាស់ ICT នៅក្នុងវិស័យអប់រំ ដែលធ្វើឲ្យសាកលវិទ្យាល័យមានកេរ្តិ៍ឈ្មោះល្បីល្បាញ ព្រោះថា ការបញ្ចូល ICT ទៅក្នុងការគ្រប់គ្រង ការបង្រៀន និងរៀន គឺជាគន្លឹះនៃការប្រកួតប្រជែង នៅសាកលវិទ្យាល័យក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។
សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដើម្បីអនុវត្តន៍តាមវិស័យអទិភាពរបស់ក្រសួងអប់រំ និងតាមផែនការសកម្មភាពរបស់សាកលវិទ្យាល័យ នៅឆ្នាំ២០១៨ខាងមុខ នឹងបន្តរៀបចំបើកវគ្គបណ្តុះបណ្តាល លើមុខរបរជាច្រើនទាក់ទងទៅនឹងវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិក ដែលបណ្តុះបណ្តាលរយៈពេលខ្លី ០៣ខែ ០៦ខែ ១២ខែ ២៤ខែ មុខរបរទាំនោះមានដូចជា៖ ការដំឡើងបណ្តាញអគ្គិសនី ក្នុងអគារកម្រិត១ និង២, ជួសជុលបរិក្ខារអគ្គិសនី, ជួសជុលដុំម៉ូទ័រ /ដុំភ្លើង, ប្រព័ន្ធបញ្ជាម៉ូទ័រ(បូមទឹក), ដំឡើងនិងថែទាំកាមេរ៉ាសុវត្ថិភាព, អគ្គិសនីប្រើថាមពលព្រះអាទិត្យ៕