Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ដ្រី ជា សុផារ៉ា ​បង្គាប់ឲ្យចាត់តាំងក្រុមការងារចុះដោះស្រាយវិវាទដីធ្លីរបស់ពលរដ្ឋ ជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច​៣ នៅខេត្តកំពង់ស្ពឺ

31-08-2017 21:46

(ភ្នំពេញ)៖ តបតាមបទបញ្ជារបស់ លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង អគ្គនាយក​រដ្ឋបាល ចេញលិខិតបង្គាប់ឲ្យចាត់តាំងបង្កើតក្រុមការងារ ចុះសម្របសម្រួល និងដោះស្រាយវិវាទដីធ្លីរបស់ពលរដ្ឋ ជាមួយក្រុមហ៊ុនសម្បទានដីសង្គមកិច្ចចំនួន៣ នៅស្រុកឱវ៉ាល់ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

តាមលិខិតបង្គាប់ការ ដែលចុះហត្ថលេខាដោយ លោក សេង ឡូត អគ្គនាយករដ្ឋបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ បញ្ជាក់ថា ក្រុមការងារនេះ មានលោក ថេង ច័ន្ទសង្វារ ជាប្រធាន។

ដោយឡែកក្រុមហ៊ុនចំនួន៣ដែលមានវិវាទជាមួយពលរដ្ឋនោះគឺ ក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ, ក្រុមហ៊ុនកំពង់ស្ពឺស៊ូហ្គើរ និងក្រុមហ៊ុនកំពង់ស្ពឺផ្លេនថេសិន។

សូមជម្រាបថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំមួយ ជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងនេសាទ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ​ស្តីពីការដោះស្រាយ បញ្ហាពាក់ព័ន្ធ និងដីសម្បទានសេដ្ឋកិច្ច ដំណាំអំពៅផលិតស្ករសនាំចេញ៕