(ភ្នំពេញ)៖ ដោយមានកិច្ចសហប្រតិបត្តិការជាមួយមូលនិធិ Shift 360 ក្រសួងទេសចរណ៍ បានប្រកាសផ្តល់អាហារូបករណ៍សម្រាប់ការសិក្សាជំនាញចុងភៅ រយៈពេល២ឆ្នាំ ចំនួន១៥កន្លែង នៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈម្ហូបអាហារ (ACAC) ដែលជាសាលាចុងភៅដ៏ល្បីនៅកម្ពុជា ទើបត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិ Shift 360។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ចំពោះសិស្សជាប់និទ្ទេស A ក្នុងការប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ២០១៧ នឹងទទួលបានអាហារូបករណ៍ដោយស្វ័យប្រវត្តិ សម្រាប់ការដាក់ពាក្យ៥នាក់ដំបូង។

វគ្គសិក្សានៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈម្ហូបអាហារ រយៈពេល២ឆ្នាំនេះ សិស្សានុសិស្សនឹងទទួលបានជំនាញស្របតាមស្តង់ដារជាតិ និងអាស៊ាន ព្រមទាំងទទួលបានសញ្ញាបត្រជំនាញចុងភៅ ពីសាលា Lusan នៃប្រទេសស្វ៊ីសផងដែរ។ ក្រៅពីនេះ សិស្ស-និស្សិតដែលមានជំនាញចុងភៅនេះ អាចទទួលបានឱកាសការងារយ៉ាងងាយស្រួល ជាមួយនឹងប្រាក់បៀវត្សជាមធ្យមចាប់ពី ៤០០-៥០០ដុល្លារអាមេរិក ឬអាចបង្កើតអាជីវកម្មក្នុងសេវាកម្មភោជនីយដ្ឋានដោយខ្លួនឯង។ ជាក់ស្ដែង សិស្សកំពុងតែសិក្សាបច្ចុប្បន្នចំនួនជាង ៣០នាក់ បានទទួលកិច្ចសន្យាការងាររួចហើយ។

សូមរំឭកថា បច្ចុប្បន្នមានយុវជនប្រមាណ ៦២ម៉ឺននាក់ កំពុងបម្រើការងារដោយផ្ទាល់ ក្នុងវិស័យទេសចរណ៍ ហើយនៅឆ្នាំ២០២០ ជាមួយនឹងការរំពឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ កម្ពុជាត្រូវការកម្លាំងពលកម្មផ្ទាល់ប្រមាណជិត ១លាននាក់ ដែលនេះជាឱកាសដ៏ធំធេងសម្រាប់យុវជនចាប់យកជំនាញទេសចរណ៍ និងខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនតាមវិថីអភិវឌ្ឍន៍ជំនាញ ដែលក្រសួងទេសចរណ៍បានដាក់ចុះ ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ «ពង្រឹងគុណភាពសេវាកម្មទេសចរណ៍»។

ការផ្តល់ជំនាញ និងការងារជូនយុវជនកម្ពុជា ជាយុទ្ធសាស្ត្រអាទិភាពមួយ ដែលក្រសួងទេសចរណ៍បានយកចិត្តទុកដាក់ខ្ពស់ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព និងបរិយាបន្ន ដោយឈរលើទស្សនទាន «ស្អាត និងបៃតង»។ ក្នុងន័យនេះ ក្រសួងបានលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល និងភាគីពាក់ព័ន្ធនានា ឲ្យខិតខំបណ្ដុះបណ្ដាលអ្នកកំពុងបម្រើការងារ និងយុវជនក្មេងៗ ឲ្យទទួលបានជំនាញច្បាស់លាស់ស្របតាមស្តង់ដាកម្មវិធីសិក្សា និងវិថីអភិវឌ្ឍន៍ជំនាញទេសចរណ៍ ដែលក្រសួងទេសចរណ៍បានផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់។
សម្រាប់ពាក្យស្នើសុំអាហាររូបករណ៍ សូមចូលទៅកាន់គេហទំព័រ៖ http://acac.edu.kh/admission/ #scholarship ឬទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ០១១ ២៣៤ ០៨៨ និង ០១២ ២៤០ ៥៣៨ ឬក្រសួងទេសចរណ៍ ០១២ ៣២២ ៣១០។

សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដូចខាងក្រោម៖