(វៀងច័ន្ទ)៖ តាមការអញ្ជើញរបស់ក្រសួងពត៌មាន វប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតឡាវ ក្រសួងទេសចរណ៍កម្ពុជា នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ បានចាត់មន្ត្រីជាន់ខ្ពស់ទៅចូលរួមចែករំលែកបទពិសោធន៍ ពីភាពជោគជ័យរបស់កម្ពុជា លើការអភិវឌ្ឍជំនាញទេសចរណ៍អាស៊ាន ស្របតាមស្មារតីនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP)។

កន្លងមកដោយមានការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលជំនាញដល់យុវជន ក្រសួងទេសចរណ៍ បានខិតខំរៀបចំស្តង់ដារ យន្តការ និងបទដ្ឋានគតិយុត្តនានា ដើម្បីបណ្ដុះបណ្ដាលយុវជនក្នុងវិស័យទេសចរណ៍ ឲ្យមានសមត្ថភាពតាមស្តង់ដារអាស៊ាន ដោយសហការជាមួយគ្រប់ភាគីពាក់ព័ន្ធនានា ក្នុងនោះក្រសួងបានរៀបបានរៀបចំ និងដាក់ឲ្យប្រើប្រាស់ស្តង់ដារសមត្ថភាពអ្នកជំនាញទេសចរណ៍កម្ពុជា ផ្នែកសេវាកម្មសណ្ឋាគារ និងសេវាកម្មធ្វើដំណើរ ទទួលស្គាល់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ស្តង់ដារអាស៊ាន ចំនួន១២ ទូទាំងប្រទេស បានបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលអាស៊ានចំនួន ៣០នាក់ និងគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិចំនួន ៥៤២នាក់ ដែលសព្វថ្ងៃកំពុងបណ្តុះបណ្តាលតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងតាមសណ្ឋាគារនានាក្នុងប្រទេស។

បច្ចុប្បន្ន មានយុវជនជាង ២,០០០នាក់ ដែលបានឆ្លងកាត់ការបណ្ដុះបណ្ដាលជំនាញទេសចរណ៍អាស៊ាន ផ្នែកសេវាកម្មសណ្ឋាគារ ហើយបានចុះបញ្ជីក្នុងប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេសចរណ៍អាស៊ាន គ្រប់គ្រងដោយលេខាធិការដ្ឋានអាស៊ាន។ តាមរយៈភាពជឿនរបស់កម្ពុជា ក្នុងការបណ្ដុះបណ្ដាលជំនាញទេសចរណ៍អាស៊ាន លេខាធិការដ្ឋានអាស៊ានបានទទួលស្គាល់កម្ពុជា ជាប្រទេសឈានមុខ ហើយក៏បានរៀបចំរបាយការណ៍វាយតម្លៃ អំពីភាពជោគជ័យរបស់កម្ពុជា និងឥណ្ឌូនេស៊ី ដើម្បីចែករំលែកជាបទពិសោធន៍ដល់ប្រទេសជាសមាជិកអាស៊ានផ្សេងៗទៀត។

សូមទាញយកឯកសារស្តីពីការអនុវត្តឈានមុខគេរបស់កម្ពុជា តាមតំណរនេះ៖ http://www.asean.org/storage/images/2013/economic/National%20Implementation%20of%20the%20MRA%20on%20Tourism%20Professionals-Success%20Stories.pdf

សូមរំលឹកថា ជំនាញទេសចរណ៍អាស៊ាន ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ានមាន ៣២មុខជំនាញ ស្ថិតក្នុងផ្នែកសេវាកម្មសណ្ឋាគារ និងសេវាកម្មធ្វើដំណើរ។ យុវជនដែលឆ្លងកាត់កម្មវិធីសិក្សាអាស៊ាន ឬត្រូវបានវាយតម្លៃថាមានសមត្ថភាពស្របតាមស្តង់ដារអាស៊ាន នឹងមានឱកាសធ្វើបម្លាស់ទីការងារស្របតាមយន្តការអាស៊ាន និងច្បាប់ការងារនៃប្រទេសទទួល។

ព័ត៌មានលម្អិតសូមទាក់ទងក្រសួងទេសចរណ៍ (០៧៧ ៤៤៤ ០០៧ ឬ ០៩៦ ៦៩ ៦៩ ១០០ ឬតាមរយៈអ៉ីមែល [email protected])៕