(ភ្នំពេញ)៖ លោក កូហ្ស៊ី តាកាហាស៊ី អ្នកជំនាញ និងប្រធានគម្រោង JICA បានថ្លែងថា (E-TEC) ប្តេជ្ញាចិត្តពង្រឹងសមត្ថភាពគ្រូបង្រៀនថ្មីនៅកម្ពុជា បន្ទាប់ពីបង្កើតវិទ្យាស្ថានគរុកោសល្យថ្មី ឱ្យស្របតាមស្តង់ដារអន្តរជាតិ ដោយពង្រឹងទៅលើការបង្រៀន និងការរៀនរបស់សិស្ស។ លោកលើកឡើងបែបនេះក្នុង ឱកាសរៀបចំសន្និសីទសារព័ត៌មានលើកទី៥ ស្តីពីសកម្មភាពរបស់ JICA នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ នៅស្ថានទូតជប៉ុន (សាលពហុប្រយោជន៍)។
ថ្លែងក្នុងឱកាសធ្វើបទបង្ហាញលោក កូហ្ស៊ី តាកាហាស៊ី សង្ឃឹមយ៉ាយមុតមាំថា បន្ទាប់ពីការបង្កើតវិទ្យាស្ថានគរុកោសល្យថ្មី (E-TEC) សម្រាប់បង្រៀនដល់គរុនិស្សិតដែលបញ្ចប់ថ្នាក់មធ្យមសិក្សា ឈោងចាប់យកអាជីពជាគ្រូបង្រៀនកម្រិតមធ្យម នៅក្នុងប្រទេសកម្ពុជា។ ដោយផ្តោតទៅលើការយកចិត្តទុកដាក់លើវិស័យអប់រំ និងបណ្តុះបណ្តាលគ្រូជំនាន់ថ្មី ឱ្យមានគុណភាពស្របតាមស្តង់ដារអន្តរជាតិ ដែលអាចប្រកួតប្រជែងជាមួយបណ្តាលប្រទេសនៅក្នុងតំបន់។
លោក កូហ្ស៊ី តាកាហាស៊ី បានបន្តថា វិទ្យាស្ថានគរុកោសល្យថ្មី (E-TEC) ដែលជាចំណុចផ្តួចផ្តើមរបស់ ក្រសួងអប់រំ យុវជន និងកីឡា រួមសហការជាមួយអង្គការ JICA របស់ជប៉ុន បានបង្កើតឡើងមានរយៈពេល៧ខែមកហើយ ដោយមានអាណត្តិ៦ឆ្នាំ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២។ យើងគួរគត់សម្គាល់ឃើញថា កម្រិតគ្រូមធ្យមរបស់កម្ពុជាមានកម្រិតតែ១២+២ តែប៉ុណ្ណោះសម្រាប់វិទ្យាស្ថានគរុនិស្សិតបង្កើតឡើងក្នុងពេលនេះគឺ ចង់កម្រិត១២+៤ ដើម្បីឱ្យស្របតាមស្តង់ដាររបស់បណ្តាលប្រទេសមួយចំនួន ដែលមានការអភិវឌ្ឍក្នុងនោះមានដូចជា សង្ហិបូរី ថៃ វៀតណាមជាដើម។ (E-TEC) ត្រួតពិនិត្យលើការបង្រៀនរបស់គ្រូ និងរបៀបរបរបស់សិស្សដែលបានជួបប្រទះ ដើម្បីឆ្លុះបញ្ចាំង ទៅលើកម្មវិធីបណ្តុះបណ្តាល របស់យើងតាមរយៈកម្មវិធីនេះ (E-TEC) ជឿជាក់ថាយើងអាចផលិតគ្រូកាន់តែមានគុណភាពតាមរយៈវិទ្យាស្ថាន គរុកោសល្យនេះ។ មិនតែប៉ុណ្ណោះយើងធ្វើការកែលម្អនៃការសិក្សារបស់សិស្សទាំងបឋមសិក្សា និងអនុវិទ្យាល័យ។
វិទ្យាស្ថានគរុកោសល្យថ្មីនេះ នឹងធ្វើការត្រួតពិនិត្យ និងវាយតម្លៃទៅលើការបង្រៀនរបស់គ្រូកម្ពុជា ឱ្យស្របតាមគរុកោសល្យការវាយតម្លៃនេះ យើងត្រូវការបង្រៀនជាក់ស្តែងនៅក្នុងថ្នាក់រៀន និងម៉ោងបង្រៀនរបស់សិស្ស និងគ្រូកម្ពុជាដើម្បីផ្តល់មូលដ្ឋានគ្រឹះសម្រាប់ការពិភាក្សា ស្តីពីគោល នយោបាយអប់រំគ្រូបង្រៀនក្នុងក្រសួង អនុវត្តកម្មវិធីអភិវឌ្ឍមហាវិទ្យាល័យ អភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល និងសម្ភារដែលមានស្តង់ដារខ្ពស់ ដាក់បញ្ចូលវគ្គ PDCA ជាសកម្មភាពប្រចាំថ្ងៃទៅក្នុងផែនការប្រចាំឆ្នាំរបស់ E-TEC ជំរុញលើកទឹកចិត្តបុគ្គលិកអប់រំ និងគរុនិស្សិតដើម្បីសិក្សាពី ការបង្រៀន និងរៀនរបស់ពួកគេ។
គម្រោង JICA លើគម្រោងកសាងមូលដ្ឋានគ្រឹះសម្រាប់វិទ្យាស្ថានគរុកោសល្យ (E-TEC) នឹងរៀបចំបទបង្ហាញអំពីគម្រោងកសាងមូលដ្ឋានគ្រឹះ សម្រាប់វិទ្យាស្ថានគរុកោសល្យ (E-TEC) ដើម្បីធ្វើឱ្យប្រសើរឡើងនូវមជ្ឈមណ្ឌល គរុកោសល្យខេត្ត និងភូមិភាគបច្ចុប្បន្ន ទៅដល់កម្រិតបរិញ្ញាបត្រ នៃវិទ្យាស្ថានគរុកោសល្យថ្មី។
លោក កូហ្ស៊ី តាកាហាស៊ី បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានជ្រើសរើសយកខេត្តគោលគឺ រាជធានីភ្នំពេញ និងខេត្តបាត់ដំបង ដើម្បីអនុវត្តគម្រោងនេះ (E-TEC)។ ហើយសកម្មភាពចម្បងរបស់គម្រោងមាន ៥ចំណុចគឺទី១៖ ការកសាងយុទ្ធសាស្ត្រសម្រាប់តម្លើងគុណវឌ្ឍិរបស់គ្រូបង្រៀន, ទី២៖ ការពង្រឹងការគ្រប់គ្រងនៅក្នុងវិទ្យាស្ថានគរុកោសល្យ, ទី៣៖ ការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលសម្ភារ និងបំពាក់, ទី៤៖ ពីនិត្យតាមដាន និងវាយតម្លៃការបង្រៀន និងការរៀន, និងទី៥៖ ពិនិត្យមើលទៅលើការអនុវត្តជាក់ស្តែងនៅក្នុងថ្នាក់រៀន៕