(ភ្នំពេញ)៖ ជាមួយដំណើរអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ វីរៈកីឡាករ ឃឹម ឌីម៉ា បានថ្លែងទៅកាន់ប្រជាពលរដ្ឋខ្មែរថា មេដាយមាស ដែលខ្លួនដណ្តើមបានពីការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី គឺជាមោទានភាព ជាជោគជ័យ និងជាមេដាយរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។

វីរៈកីឡាករប្រដាល់គុនខ្មែរ លោក ឃឹម ឌីម៉ា រួមនិងកីឡាករគុនខ្មែរច្រើនរូបផ្សេងទៀត បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយនៅម៉ោងជិត៦ល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ ដោយបាននាំយកមេដាយមាស ប្រាក់ និងសំរឹទ្ធ មកជូនជាតិមាតុភូមិផងដែរ។

ជាមួយដំណើរអញ្ជើញមកដល់មាតុប្រទេសវិញរបស់ក្រុមកីឡាករប្រដាល់គុនខ្មែរនេះ គេសង្កេតឃើញមានការអញ្ជើញ​ទទួលដោយផ្ទាល់ពីសំណាក់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា និងថ្នាក់ដឹកនាំកីឡាជាច្រើនរូបផ្សេងទៀត។ គេឃើញមានការអញ្ជើញទទួលដំណើរពីសំណាក់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋខ្មែរជាច្រើនរូបទៀត។

ទាំងកីឡាករ ឃឹម ឌីម៉ា និងកីឡាករផ្សេងៗទៀត បានបង្ហាញស្នាមញញឹមបង្កប់ដោយក្តីរីករាយ​ជាខ្លាំងចំពោះការនាំយក​មេដាយមកជូនជាតិមាតុភូមិ ដែលជាមោទនភាពដ៏ធំធេងសម្រាប់ជាតិខ្មែរ។ គេបានឃើញ ឃឹម ឌីម៉ា ក្រាបសំពះម្តាយ និងឪពុករបស់គេផងដែរ ពេលត្រឡប់មកដល់ប្រទេសកម្ពុជា។

ឌីម៉ា បានថ្លែងថា កីឡាករថៃ គឺជាកីឡាករ ដែលពីបាកផ្តួល និងមានសមត្ថភាពប្រហាក់ប្រហែលរូបគេផងដែរ។ ទោះជាយ៉ាងណា ឌីម៉ា បានសម្តែងក្តីរីករាយជាខ្លាំងចំពោះការដណ្តើមបានមេដាយជូនជាតិជាលើកដំបូងជូនជាតិកម្ពុជាពីការប្រកួតស៊ីហ្គេម។ ឌីម៉ា បានថ្លែងថា ប្រជាពលរដ្ឋខ្មែរ គឺជាកម្លាំងចិត្តដ៏ធំធេងក្នុងអាជីពជាកីឡាប្រដាល់របស់គេ។

កីឡាករ ឃឹម ឌីម៉ា គឺជាកីឡាគុនខ្មែរតែម្នាក់គត់ ដែលដណ្តើមបានមេដាយមាស បន្ទាប់ពីរូបគេបានយកឈ្នះកីឡាករថៃដោយពិន្ទុ ២៩ទល់នឹង ២៨ នៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញចំនួន៣ទឹក។ នេះជាជោគជ័យមួយសម្រាប់កីឡាប្រដាល់គុនខ្មែរ ដែលកម្ពុជាបានបញ្ជូនអត្តពលិកចូលរួមប្រកួតក្នុងយុទ្ធនាការថ្នាក់តំបន់អាស៊ានមាន១១ប្រទេសចូលរួម ហើយសម្រេចជាលទ្ធផលទទួលបានមេដាយ ៤គ្រឿង ក្នុងចំណោមកីឡាករ ៥នាក់ មានតែកីឡាករ មឿន សុខហ៊ុច ម្នាក់ទេ ដែលអត់បានមេដាយ ក្រោយចាញ់ថៃក្នុងវគ្គជម្រុះ។

ក្រៅពី ឃឹម ឌីម៉ា កីឡាករ ៤នាក់ផ្សេងទៀតដែលទទួលបានមេដាយរួមមាន៖ កីឡាករ វ៉ាន់ វឿន និង ឡៅ ចិត្រា្ត ទទួលបានមេដាយសំរឹទ្ធ ១គ្រឿងដូចគ្នា ក្រោយចាញ់ម្ចាស់ផ្ទះម៉ាឡេស៊ី ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ, ម៉ឹន សុភា ឈ្នះមេដាយប្រាក់ ១គ្រឿង បន្ទាប់ពីចាញ់ថៃនៅវគ្គផ្តាច់ព្រ័ត្រ៕