(ភ្នំពេញ)៖ លោក រឿន ចាន់ថា នាយកសាលា UCMAS បានបង្ហាញពីកត្តាពីរយ៉ាងធំៗ ដែលធ្វើឲ្យកុមារទូទៅវៃឆ្លាតក្នុងការសិក្សា ដែលកត្តាទាំងពីរនោះរួមមាន កត្តាអាណាព្យាបាល និងកត្តាសាលារៀន រួមទាំងកត្តាបន្ទាប់បន្សំមួយចំនួនបន្ថែមទៀត។ កត្តាទាំងពីរនេះជាកំលាំងចិត្ត ក្នុងការជំរុញទឹកចិត្តកុមារឲ្យបន្ដការខិតខំប្រឹងប្រែរៀនសូត្រ រហូតដល់ឈានទៅរកភាពជោគជ័យ។

ថ្លែងឲ្យដឹងនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នាឱកាសដែលលោកអញ្ជើញចូលរួមប្រគល់ពាន់រង្វាន់ មេដាយមាស ដល់សិស្សានុស្សក្នុងសាលា UCMAS សាខាងឬស្សីកែវ ដែលបានជាប់ជ័យលាភី ទៅប្រកួតប្រជែងដណ្ដើមពានរង្វាន់ក្នុងប្រទេសឥណ្ឌូនេស៊ី​ខាងមុខ លោក រឿន ចាន់ថា បានថ្លែងឲ្យដឹងថា ក្នុងសាលា UCMAS សាខាឬស្សីកែវនេះ មានសិស្សចំនួន​៣នាក់នឹងត្រូវចេញទៅ ត្រៀមប្រឡងក្នុងកម្មវិធីគិតលេខរហ័ស ថ្នាក់អន្ដរជាតិ (UCMAS INTERNATION COMPETITION) លើកទី២២ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី​ផងដែរ។

លោកនាយកបានថ្លែងឲ្យដឹងថា កត្តាក្នុងការបង្វឹកកុមារ ការអភិវឌ្ឍន៍ខួរក្បាលកុមារមានច្រើន សដ្ឋានដោយមានកត្តាជាច្រើន​រួមគ្នា ដោយក្នុងនោះមានតាំងពីកត្តាចិញ្ជឹមបីបាច់ របស់អាណាព្យាបាល កម្មវិធីរបស់សាលា និងកត្តាសង្គមផងដែរ។ កត្តាដែលផ្ដោតសំខាន់​ជាងគេ គឺកត្តាអាណាព្យាបាល និងកត្តាសាលារៀន។

លោកថា សាលារៀន UCMAS ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ដែលជាកម្មវិធីមួយក្នុងការអភិវឌ្ឍន៍ខួរក្បាល
កុមារដែលមានអាយុចាប់ពី៤ដល់១២ឆ្នាំ...ការសិក្សានៅសាលាដែលមានបទ​ពិសោធន៍ច្រើនឆ្នាំ មានវិន័យល្អជាកត្តាចម្បងមួយ
ក្នុងការជម្រុញឲ្យកុមារកាន់ តែមានភាពជោគជ័យ មួយវិញអាណាព្យាបាលគួរតែស្វែងយល់ ឲ្យកាន់តែច្បាស់ពីកម្មវិធីផ្សេង ជាក់ស្ដែង​ដូចជាកម្មវិធី UCMAS នេះតែម្ដង ព្រោះកន្លងមកអាណាព្យាបាលមួយចំនួន គ្រាន់តែយល់ថាកម្មវិធី UCMAS គ្រាន់តែជាកម្មវិធី​គិត​លេខមួយ តែប៉ុណ្ណោះ ការពិតទៅកម្មវិធី UCMAS គឺមានអត្ថប្រយោជន៍ច្រើន រួមមាន ជួយឲ្យកុមារពូកែផ្ដោតអារម្មណ៍ ពូកែស្ដាប់, អង្កេត, ចង់ចាំបានល្អ និងគិតលេខបានល្អ ការជម្រុញលើកទឹកចិត្តពីអាណាព្យាបាលជាកត្តាដ៏ល្អ ក្នុងការជំរុញទឹកចិត្តកុមារ​ឲ្យកាន់តែមានភាពក្លាហាន និងឈានទៅរកភាពជោគជ័យ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី២៧​ ខែសីហា ឆ្នាំ២០១៧ មានការរៀបចំប្រឡងកម្មវិធី UCMAS ដោយក្នុងនោះមានសិស្សនុសិស្ស​មកពីសាលា UCMAS កម្ពុជា ចំនួន៣៩នាក់ទទួលបានជយលាភីលេខ១ ក្នុងចំណោមសិស្សប្រមាណ២៣៤៣នាក់ និងបានក្លាយជាកុមារកម្ពុជាឆ្នើម និងត្រៀមខ្លួនចេញទៅចូលរួមប្រឡងក្នុងកម្មវិធីគិតលេខរហ័ស ថ្នាក់អន្ដរជាតិ (UCMAS INTERNATION COMPETITION) លើកទី២២ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី​ ក្នុងពេលឆាប់ៗខាងមុខ៕