(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានថ្លែងបង្ហាញ ការរំពឹងទុកថា ថ្នាក់ដឹកនាំខេត្ត និងតាមក្រសួងស្ថាប័ននានា នឹងចុះសាកសួរសុខទុក្ខ និងនាំយកគ្រឿបឧបភោគ បរិភោគនានាជូនដល់ កងទ័ពនៅតាមព្រំដែនកំពុងឈរជើងការពារបូរណភាពទឹកដី។
នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងដូច្នេះក្នុងពេលទទួលស្វាគមន៍គណៈប្រតិភូខេត្តកំពង់ស្ពឺដឹកនាំដោយអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ចុះទៅសំណេះសំណាសួរសុខទុក្ខ និងនាំគ្រឿងឧបភោគ បរិភោគមួយចំនួនធំ ជូនដល់កងទ័ពកំពុងឈរជើងការពារបូរណភាពទឹកដីនៅកងពលតូចលេខ ៨ នៅភ្នំទ្រព្យ ទិសប្រាសាទព្រះវិហារ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ។
គ្រឿងឧបភោគ បរិភោគ ដែលនាំទៅចែកជូនកងទ័ពនោះរួមមាន៖ មីចំនួន ៦០០កេសតូច, ត្រីខចំនួន៦០កេស, ទឹកត្រីចំនួន ៣០០យួរ,ទឹកស៊ីអីវ ៣០០យួរ, អង្ករចំនួន ៦តោន, បន្លែចំនួន ២តោន ៨០០គីឡូ, សាច់ជ្រូកចំនួន ១០០គីឡូ, ប៊ីចេងចំនួន ១២០កញ្ចប់ និងឃីតចំនួន ៣០០កញ្ចប់ ព្រមទាំងឧបត្ថម្ភថវិកាដល់កងទ័ព ៣០០នាក់ ម្នាក់ៗ ៤ម៉ឺនរៀល។
នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងស្និទ្ធស្នាលបំផុត។ នាយឧត្តមសេនីយ៍ គន់ គីម បានចាត់ទុកការចុះសាកសួរសុខទុក្ខ និងនាំគ្រឿងឧបភោគបរិភោគនេះថា ជាការសម្តែងឲ្យឃើញពីការយកចិត្តទុកដាក់របស់សមរភូមិក្រោយចំពោះបងប្អូនសមរភូមិមុខ។
បើទោះបីជាយ៉ាងណា នាយឧត្តមសេនីយ៍ គន់ គីម ដែលតែងតែចុះជាប់ជាប្រចាំជាមួយកងទ័ពនៅតាមព្រំដែននោះ បានសម្តែងក្តីសង្ឃឹមថា នឹងមានប្រតិភូពីតាមបណ្តាខេត្ត និងក្រសួង ស្ថាប័ននានា ចុះទៅសួរសុខទុក្ខកងទ័ពជាបន្តបន្ទាប់ទៀត ជាពិសេសនារដូវបុណ្យភ្ជុំខាងមុខនេះ៕