(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ តំណាងលោក សុខ លូ អភិបាលខេត្តកំពង់ធំ អមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន ដឹកនាំគណៈប្រតិភូយោធា នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត ដោយមានការចូលរួមពីបញ្ជាការដ្ឋាន និងអាជ្ញាធរខេត្តក្រចេះ បានទៅទស្សនកិច្ចសិក្សា នៅខេត្តប៉ិញភឿក ប្រទេសវៀតណាម នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។
ដំណើរទស្សនកិច្ចសិក្សា របស់ប្រតិភូមិយោធាតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងតំបន់ប្រតិបត្តិការសឹករងក្រចេះ ក្នុងគោលបំណងផ្លាស់ប្តូរនូវបទពិសោធន៍ និងសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្ត នូវកិច្ចសហប្រតិការរវាងកងទ័ពស្ម័គ្រចិត្ត ប្រជាជនវៀតណាម និងកងទ័ពកម្ពុជា ក្នុងការរួមសហការប្រមូលផ្តុំ វាយរំដោះប្រជាពលរដ្ឋខ្មែរ ដែលកំពុងរងទុក្ខវេទនា នាសម័យ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក្នុងរបប ប៉ុល ពត និងការចងសម្ព័ន្ធមេត្រីភាព ជាចំណងសាមគ្គីភាព មិត្តភាព វៀតណាម-កម្ពុជា។
បន្ទាប់ពីធ្វើការសំណេះសំណាលសួរសុខទុក្ខ គណៈប្រតិភូខេត្តទាំង២ បានអញ្ជើញមកទស្សនាផ្ទះវប្បធម៌ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រគល់ឲ្យសង្កាត់លុកថាញ់ ដើម្បីសិក្សាពីប្រវត្តិ នៃការតស៊ូសម័យសង្រ្គាម ក្រោយមកគណៈប្រតិភូ បានអញ្ជើញមកអុចធូបនូវ វិមានប្រវត្តិសាស្រ្ត តាថៀន និងសិក្សាស្វែងយល់ពីបុព្វបុរស របស់វៀតណាម ដែលបានធ្វើសឹកសង្រ្គាម ជាមួយសហរដ្ឋអាមេរិក ក្នុងអំឡុងឆ្នាំ១៩៧៣។
នៅល្ងាចថ្ងៃដដែលនោះ គណៈប្រតិភូបានអញ្ជើញចូលរួមប្រជុំ ដើម្បីសំណេះសំណាល ជាមួយទាហានវ័យក្មេង របស់តំបន់ប្រតិបត្តិការសឹករងខេត្តក្រចេះ និងទាហានវ័យក្មេង បញ្ជាការដ្ឋានយោធភូមិភាគទី៧ ខេត្តប៉ិញភឿក ដោយផ្អែកលើខ្លឹមសារ ប្រជាជនប្រទេសទាំងពីរ គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី មិនជ្រៀតជ្រែកចូលការងារផ្ទៃក្នុង របស់ប្រទេសនីមួយៗ ជួយឧបត្ថម្ភគ្នាដើម្បីអភិវឌ្ឍន៍ គ្រប់វិស័យ សេដ្ឋកិច្ច វប្បធម៌ និងសន្តិសុខការពារជាតិ រួមគ្នាដោះស្រាយរាល់ការលំបាក និងមានការទំនាក់ទំនងសហការល្អប្រសើរជាមួយគ្នា រវាងប្រទេសទាំងពីរ ដើម្បីប្រយោជន៍ផ្ទាល់របស់ប្រជាជនទាំងពីរ៕