(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ បន្ដឃាត់ខ្លួនជនជាតិវៀតណាម១៣នាក់ នៅកន្លែងលក់អេតចាយ និងធ្វើស្បែកជើង ស្ថិតនៅភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជាមួយគ្នានេះកម្លាំងនគរបាលអន្តោប្រវេសន៍ ក៏បានឃាត់ខ្លួនជនជាតិវៀតណាមចំនួនម្នាក់ផងដែរ ដោយលួចឆ្លងដែនតាមទូកមកប្រទេសកម្ពុជា នៅច្រកទ្វារអន្តរជាតិព្រៃវល្លរ៍។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដែលបានដឹកនាំប្រតិបត្តិការនេះ បានឲ្យដឹងថា ការឃាត់ខ្លួនជនជាតិវៀតណាម ទាំង១៣នាក់នេះ ស្ថិតក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
បើតាមប្រធាននាយកដ្ឋានរូបនេះ ជនជាតិវៀតណាមទាំង១៤នាក់នេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕