(ភ្នំពេញ)៖ មន្ទីរពេទ្យជោរៃភ្នំពេញ សហការជាមួយក្រុមហ៊ុនឱសថ DHG Pharma បានរៀបចំកម្មវិធីពិនិត្យព្យាបាល រួមទាំងផ្ដល់ថ្នាំព្យាបាលដោយឥតគិតថ្លៃ ដល់អ្នកជំងឺលើសសម្ពាធឈាម និងជំងឺបេះដូង សម្រាប់អ្នកចុះឈ្មោះ៥០នាក់ដំបូង ព្យាបាលដោយវេជ្ជបណ្ឌិតឯកទេសវៀតណាម។
ការពិនិត្យព្យាបាលអ្នកជំងឺដោយឥតគិតថ្លៃនេះ ធ្វើឡើងដើម្បីលើកកម្ពស់សុខុមាលភាព ជូនដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យមានឱកាសទទួលបានការថែទាំសុខភាព ប្រកបដោយគុណភាពពីសំណាក់វេជ្ជណ្ឌិតឯកទៀសវៀតណាម ដែលមានឈ្មោះល្បីល្បាញ និងមានបទពិសោធន៍ច្រើនឆ្មាំ រួមជាមួយសម្ភារៈបរិក្ខារពេទ្យទំនើប ដែលមានបំពាក់នៅមន្ទីរពេទ្យជោរៃភ្នំពេញ ជាងនេះទៅទៀត គឺជួយឲ្យប្រជាពលរដ្ឋ ឲ្យយល់កាន់តែច្បាស់ អំពីសារៈសំខាន់ នៃការថែទាំសុខភាពរបស់ខ្លួន ដើម្បីជ្រើសរើសវិធីព្យាបាល ឲ្យបានសមស្របបំផុត។
លោកស្រីវេជ្ជបណ្ឌិត ឡេ ធិ ធូ ធ្វី ឯកទេសព្យាបាលជំងឺសម្ពាធឈាម និងបេះដូងបានឲ្យដឹងថា ជំងឺសម្ពាធឈាមជាជំងឺម្យ៉ាងដែលធ្វើឲ្យអ្នកជំងឺជួបប្រទះជាញឹកញាប់ ដែលជំងឺនេះ នឹងធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ខុសពីធម្មតា ដោយឡើងលើសពី១៤០ ឬ៩០មីលីម៉ែត្រម្ដង។
លោកស្រីវេជ្ជបណ្ឌិតបន្ដទៀតថា «ជំងឺលើសសម្ពាធឈាមនេះ ជាឃាតកឈាមត្រជាក់ ដែលអាចបង្កហានិភ័យ បណ្ដាលឲ្យប៉ះពាល់ដល់សេរីរាង្គផ្សេងៗ តាមសារពាង្គកាយដូចជាខួរក្បាល ធ្វើឲ្យខួរក្បាលស្ទះ ឬដាច់សរសៃឈាម ប៉ះពាល់ដល់ភ្នែក ធ្វើឲ្យខូចសរសៃឈាម ឬងងឹតភ្នែកតែម្ដង ហើយជំងឺនេះក៏បានប៉ះពាល់ដល់អ្នកជំងឺបេះដូង ដែលធ្វើឲ្យបេះដូងដើរមិនទៀងទាត់ និងធ្វើឲ្យខ្សោយតំរងនោម រួមទាំងធ្វើឲ្យស្ទះសរសៃឈាមផ្សេងៗក្នុងសារពាង្គកាយផងដែរ»។
លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា «រោគសញ្ញាលើសសម្ពាធឈាម ក្នុងដំណាក់កាលដំបូង គឺមិនមានរោគសញ្ញាគួរឲ្យ
កត់សម្គាល់នោះឡើយ ដោយមានរោគសញ្ញាតែបន្ដិចបន្ដួចតែប៉ុណ្ណោះ ដូចជាឈឺក្បាល, រោយក, វិលមុខ, ចង្អោលជាដើម...
ហើយសម្រាប់ការព្យាបាលជំងឺលើសសម្ពាធឈាមនេះ អ្នកជំងឺគួរតែផ្លាស់ប្ដូរទម្លាប់រស់នៅ ការពិសាថ្នាំតាមវេជ្ជបញ្ជារ របស់គ្រូពេទ្យ អ្នកជំងឺគួរតែជៀសវាងដាច់ខាត់ ក្នុងការទទួលទានបារី អាហារដែលមានជាតិប្រៃ សុរា ហើយអ្នកជំងឺគួរតែងាកមកទទួលទានបន្លែ ផ្លែឈើឲ្យបានច្រើន កុំទទួលទានអាហារដែលមានជាតិខ្លាញ់ និងធ្វើលំហាត់ប្រាណឲ្យបានទៀតទាត់ អ្វីដែលសំខាន់ទៀតនោះគឺជៀសវាងកុំឲ្យកើតស្រ្ដេស»។
គួរបញ្ជាក់ថា កម្មវិធីពិនិត្យព្យាបាលដោយឥតគិតថ្លៃ របស់មន្ទីរពេទ្យជោរៃនេះ នឹងធ្វើឡើងជារៀងរាល់ខែជាមួយនឹងវេជ្ជបណ្ឌិតឯកទេសផ្សេងៗគ្នា ដើម្បីទទួលបានការព្យាបាល ដោយឥតគិតថ្លៃ ដោយអ្នកជំងឺអាចចុះឈ្មោះតាមរយៈលេខទូរស័ព្ទ ០២៣ ៦៨ ៤១ ០០១, ០២៣ ២៨ ៤១ ០០២៕