(ភ្នំពេញ)៖ មន្ដ្រីនៃសាខាកាំកុងត្រូលកំពង់ផែអន្ដរជាតិភ្នំពេញ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ បានសហការជាមួយមន្ដ្រីគយ និងរដ្ឋាករតំណាងកំពង់ផែអន្តរជាតិភ្នំពេញ និងប៉ូលិសអន្តោប្រវេសន៍ បានចុះធ្វើការត្រួតពិនិត្យ និងរឹបអូសបានផ្លែប៉េងប៉ោះស្រស់ខូច គុណភាពចំនួន១,៣១៨ កេស ស្មើនឹង២៦,៥០០គីឡូក្រាម។
មន្ដ្រីនៃសាខាកាំកុងត្រូលកំពង់ផែអន្ដរជាតិភ្នំពេញ បានឲ្យដឹងថា ផ្លែប៉េងប៉ោះស្រស់ខូចគុណភាព ជិត៣ម៉ឺនគីឡូក្រាមដែលត្រូវ មន្ដ្រីរឹបអូសបានខាងលើនេះ ត្រូវបានយកទៅធ្វើការកំទេចចោល នៅក្នុងបរិវេណទីលានចាក់សម្រាម របស់កំពង់ផែអន្ដរជាតិភ្នំពេញ ដោយក្នុងនោះមានការអញ្ជើញ ចូលរួមអំពីតំណាង ម្ចាស់ទំនិញផងដែរ។
មន្ដ្រីនៃសាខាកាំកុងត្រូលកំពង់ផែអន្ដរជាតិភ្នំពេញ បានបញ្ជាក់ថា មូលហេតុដោយសារមានបញ្ហារអាក់រអូលប្រព័ន្ធត្រជាក់ទូរក្លាសេ នាំឲ្យថយចុះនូវសីតុណ្ណភាពត្រជាក់ ព្រមទាំងការដឹកជញ្ជូនដែលមានថេរៈវេលាយូរផង ទើបបណ្ដាលឲ្យផលិតផលប៉េងប៉ោះ ទាំងនោះខូចខាតទាំងស្រុង ហើយប៉េងប៉ោះទាំងនេះសង្ស័យនាំចូលពីវៀតណាម។
មន្រ្តីកាំកុងត្រូលបានបញ្ជាក់ថា សកម្មភាពការត្រួតពិនិត្យ របស់មន្រ្តីជំនាញ ត្រូវបានធ្វើឡើងនៅគ្រប់ទិសទីមិនថា នៅលើទីផ្សារ ឬនៅមាត់ច្រកព្រំដែនទេ គឺដើម្បីការពារ សុខុមាភាព របស់ប្រជាពលរដ្ឋ មិនអនុញ្ញាតឲ្យនាំចូលទំនិញខូចគុណភាព ចូលមកទឹកដីកម្ពុជាយើងឡើយ ៕