(ស្វាយរៀង)៖ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកបាល់ទាត់ កំរិត D License ត្រូវបានបិទវគ្គនៅ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក ឌី វិជ្ជា ប្រធានសមាគមកីឡាបាល់ទាត់ ខេត្តស្វាយរៀង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង នៅកីឡដ្ឋានខេត្តស្វាយរៀង។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៥ថ្ងៃ មានសិក្ខាកាមចូលរួមចំនួន២៦នាក់ មកពីបណ្តាក្រុមបាល់ទាត់ ក្នុងស្រុក-ក្រុងទាំង៨ នៃខេត្តស្វាយរៀង ដែលចាប់ផ្តើមពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ដោយមាន លោក ប្រាក់ សុវណ្ណរ៉ា ជាគ្រូឧទ្ទេសនាម មកពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងមានការឧបត្ថម្ភគាំទ្រពី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន។
នៅក្នុងពិធីបិទ វគ្គបណ្តុះបណ្តាលនេះ លោក ឌី វិជ្ជា បានមានមតិសំណេះសំណាល និងផ្តាំផ្ញើដល់សិក្ខាកាមថា វិស័យបាល់ទាត់ នៅក្នុងប្រទេសកម្ពុជា កំពុងមានការរីកចម្រើនជាលំដាប់ ក្នុងនោះខេត្តស្វាយរៀង បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍វិស័យមួយ នេះយ៉ាងខ្លាំង ដោយធ្វើការអភិវឌ្ឍន៍ ធនធានគ្រូបង្វឹក ដូចជា បង្កើតវគ្គបណ្តុះបណ្តាល ដើម្បីយកទៅបណ្តុះបណ្តាលបន្តដល់កីឡាករ របស់ខ្លួន ដែលជាយុវជនស្រលាញ់ កីឡាបាល់ទាត់នៅតាមមូលដ្ឋានស្រុក-ក្រុងទាំង៨ នៃខេត្តស្វាយរៀង។
ដោយមិនត្រឹមតែការអភិវឌ្ឍន៍ ចំណេះដឹង ជាគ្រូបង្វឹកនោះទេ ខេត្តស្វាយរៀង បានបង្កើតវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលរួចមកហើយ កាលពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០១៧កន្លងមក ដើម្បីជំរុញឲ្យមានធនធានខាងអាជ្ញាកណ្តាលសម្រាប់ដឹកនាំ ការប្រកួត ក្នុងខេត្ត ក៏ដូចជា ចូលរួមដឹកនាំការប្រកួតពានរង្វាន់ផ្សេងៗ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្កើតឡើង។
លើសពីនេះទៅទៀត លោក ឌី វិជ្ជា សន្យានឹងជំរុញឲ្យមានវគ្គបណ្តុះបណ្តាលផ្សេងៗទៀត ជាបន្តបន្ទាប់ និងបង្កើតឲ្យមានការប្រកួតបាល់ទាត់ពានរង្វាន់ អាយុក្រោម១៧ និង១៤ឆ្នាំ នៅតាមមូលដ្ឋានស្រុក-ក្រុង នៃខេត្តស្វាយរៀង នាដើមឆ្នាំ២០១៨ខាងមុខនេះ ដើម្បីអភិវឌ្ឍន៍ធនធានកីឡាករ ក្នុងការជ្រើសរើសចូលជាកីឡាករអាជីប របស់ក្លឹបបាល់ទាត់ ព្រះខ័នរាជ ខេត្តស្វាយរៀង ទៅថ្ងៃអនាគត។
ជាចុងបញ្ចប់ លោកបានផ្តល់ដំបូលន្មានដល់សិក្ខាកាមថា សូមព្យាយាមអភិវឌ្ឍន៍សមត្ថភាពដោយខ្លួនឯងបន្ថែមទៀតបើចង់ក្លាយ ទៅជាគ្រូបង្វឹកអាជីព ដូច្នេះត្រូវស្រាវជ្រាវបន្ថែម ក្នុងការបំពេញចំណេះដឹង និងបទពិសោធន៍ ពីព្រោះបាល់ទាត់សម័យនេះគឺជាបាល់ទាត់ សម័យទំនើប ទាំងច្បាប់បាល់ទាត់ ទាំងបច្ចេកទេសនៅលើទីលាន គឺមានការអភិវឌ្ឍន៍ទៅមុខជានិច្ច៕