(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង និងមេបញ្ជាការកងទ័ពជើងគោគ នៃកងយោធពលខេមរភូមិន្ទ អះអាងថា ​ការងារហ្វឹកហ្វឺន គឺជាប្រការចាំបាច់បំផុតតម្រូវឲ្យកងយោធពលខេមរភូមិន្ទ នៅគ្រប់កងឯកភាព ត្រូវតែមានការហ្វឹកហ្វឺនឲ្យបានជាប់ជាប្រចាំដល់កងទ័ព។

នាយឧត្តមសេនីយ៍ មាស សុភា បន្ថែមថា ការងារហ្វឹកហ្វឺននេះ គឺត្រូវធ្វើឡើង​គ្រប់ជំនាញ ទាំងជំនាញយោធា ចំណេះដឹងទូទៅ ភាសាបរទេស និងជំនាញឯកទេសផ្សេងៗ ដល់កងទ័ពខ្លួន ដើម្បីកងយោធពលខេរភូមិន្ទ មានគ្រប់លទ្ធភាព ក្នុងការចូលរួមពង្រឹងប្រៀបការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា កាន់តែរឹងមាំ។

ការថ្លែងយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញជាអធិបតី បិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល វិក្រិត្យការ១ វិក្រិត្យការ២ និងវគ្គហ្វឹកហ្វឺនបំប៉ន ថ្នាក់វរសេនាតូចស៊ើបការណ៍ថ្មើរជើង ​ដល់នាយពលទាហាន របស់យោធភូមិភាគទី៣ ប្រចាំឆ្នាំ២០១៧ នៅសាលាពលទាហានទី៣ ដោះកញ្ជរ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

ថ្លែងទៅកាន់សិក្ខាកាម ដែលត្រូវបញ្ចប់វគ្គនាពេលនោះ ​នាយឧត្តមសេនីយ៍​ មាស សុភា ក្នុងនាមឲ្យ​ថ្នាក់ដឹកនាំក្រសួងការពារជាតិ ពិសេសថ្នាក់ដឹកនាំ កងទ័ពជើងគោក បានសំដែងនូវការលើកសរសើរ និងវាយតំលៃខ្ពស់ ចំពោះថ្នាក់ដឹកនាំយោធភូមិភាគទី៣ និងបណ្តាអង្គភាពចំណុះដែលរហូតមក បានសហការគ្នាយ៉ាងល្អ ជាមួយ​សាលាពលទាហានទី៣ ក្នុងការរៀបចំឲ្យមាននូវវគ្គហ្វឹកហ្វឺនជាច្រើន សំដៅពង្រឹងពង្រីក សមត្ថភាពកងទ័ព ឲ្យកាន់តែមានគុណភាព ដែលអាចពង្រឹងប្រៀបការពារជាតិ ការពារបូរណភាពទឹកដី កម្ពុជាបានកាន់តែរឹងមាំ​។

​ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ បានលើកយកនូវ ព្រឹត្តិការណ៍ជាតិ អន្តរជាតិថ្មីៗ មកជំរាបជូនដល់ នាយពលទាហាន បានយល់កាន់តែច្បាស់ អំពីសភាពការណ៍ដែលកើតមានឡើងក្នុង និងក្រៅប្រទេស ពិសេសព្រឹត្តិការដែលកើតមានឡើង នៅកម្ពុជានាពេលថ្មីៗនេះ នៅតំបន់ព្រំដែន កម្ពុជា ជាមួយប្រទេសឡាវ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង​។

ជាងនេះទៅទៀត មេបញ្ជាការកងទ័ពជើងគោក បានរំលឹកឲ្យនាយពលទាហាន និងសិក្ខាកាម ដែលត្រូវបញ្ចប់វគ្គ និងនាយទាហានដែលទើបទទួលបាននូវ ឋានន្តរសក្តិថ្មីទាំងអស់ ឲ្យខិតខំបំពេញការងារ ពិសេសសាលា ត្រូវយកចិត្តទុកដាក់បង្កើនសកម្មភាពហ្វឹកហ្វឺនជំនាញ ឲ្យដល់កងទ័ព ដោយឡែកសិក្ខាកាម ត្រូវយកនូវចំណេះដឹងដែលមានទៅបម្រើ ឲ្យបុព្វហេតុការពារជាតិ ការពារបូរណភាពទឹកដីកម្ពុជា ការពារច្បាប់រដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ដោយឆន្ទប្រជាជន ការពារព្រះមហាក្សត្រ និងការពារភាពសុខសាន្ត ជូនប្រជាពលរ​ដ្ឋ និងប្រទេសជាតិ៕