(ស្វាយរៀង)៖ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ បានចុះពិនិត្យមន្ទីរពេទ្យខេត្តស្វាយរៀង ដែលបានបញ្ចប់ការសាងសង់ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន ចំណាយថវិកាចំនួន ១,០៧៧លានយ៉េន ស្មើនឹងជាង៩លានដុល្លារអាមេរិក រួមមាន អគារមួយខ្នងកម្ពស់៣ជាន់ ព្រមទាំងការបំពាក់សម្ភារបរិក្ខារពេទ្យ។
អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានចាប់ផ្តើមដំណើរការសាងសង់តាំងពីខែកុម្ភៈ ឆ្នាំ២០១៦ ហើយបានបញ្ចប់ជាស្ថាពរ កាលពីចុងខែមិថុនា ឆ្នាំ២០១៧។ ក្នុងពេលចុះពិនិត្យមន្ទីរពេទ្យខេត្តស្វាយរៀង លោករដ្ឋមន្រ្តីបានកោតសរសើរ ដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារ យ៉ាងសស្រាក់សស្រាំបម្រើប្រជាពលរដ្ឋ។ លើសពីនេះ លោករដ្ឋមន្រ្តីបានផ្តល់ការណែនាំ បន្តែមដល់មន្រ្តីទាំងអស់ ត្រូវយកចិត្តទុកដាក់លើបញ្ហាអនាម័យ និងត្រៀមលក្ខណៈសម្ពោធជាផ្លូវការខាងមុខ។
ឆ្លៀតឱកាសនោះ លោករដ្ឋមន្រ្តីបានអញ្ជើញចុះពិនិត្យ មន្ទីរពេទ្យបង្អែកស្រុកស្វាយទាប មណ្ឌលសុខភាពកណ្តៀងរាយ មន្ទីរពេទ្យបង្អែកជីភូ និងមណ្ឌលសុខភាពបាវិត។ ក្នុងពេលចុះពិនិត្យ លោកបានកោតសរសើរមន្រ្តីសុខាភិបាលទាំងអស់ និងបានលើកទឹកចិត្តឱ្យពួកគាត់ខិតខំបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។
លោករដ្ឋមន្រ្តីក៏បានអញ្ជើញពិនិត្យ និងសួរសុខទុកប្រជាពលរដ្ឋ ដែលបានមកសម្រាកនៅមន្ទីរពេទ្យ និងបានលើកទឹកចិត្តអ្នកជំងឺត្រូវខិតខំ ថែរក្សាសុខភាពឱ្យបានឆាប់ជាសះស្បើយ។ អ្នកជំងឺដែលមកពិនិត្យសម្រាកព្យាបាលជំងឺ គឺភាគច្រើនជាកម្មករ-កម្មការិនីរោងចក្រ សហគ្រាស ដែលពួកគាត់ត្រូវបានទទួលផលប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម និងជាប្រជាជនក្រីក្រដែលទទួលបានការគាំពារ ពីមូលនិធិសមធម៌របស់រាជរដ្ឋាភិបាល។
តាមការសាកសួរអ្នកជំងឺដោយផ្ទាល់ បានបង្ហាញថា ពួកគាត់ពេញចិត្តនឹងទទួលសេវា នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈខាងលើ ដោយមានទំនុកចិត្ត និងគុណភាពនៃការព្យាបាលរបស់ក្រុមគ្រូពេទ្យនៅទីនោះ ប្រកបដោយភាពរាក់ទាក់ និងមានការយកចិត្តទុកដាក់ខ្ពស់លើពួកគាត់។ រីឯការប្រើប្រាស់ប័ណ្ណ ប.ស.ស និងប័ណ្ណមូលនិធិសមធ៌មក៏បានផ្តល់នូវភាពងាយស្រួលដល់ពួកគាត់ ក្នុងការមកទទួលសេវាសុខភាពដោយមិនមានបញ្ហាឡើយ។ នេះសបញ្ជាក់ថា សេវាសុខាភិបាលសាធារណៈ មានវឌ្ឍនភាព និងគុណភាពអាចទទួលយកបាន ដែលជំរុញបង្កើនការប្រើប្រាស់សេវាកាន់តែកើនឡើងថែមទៀត។
លោករដ្ឋមន្រ្តីបានពិនិត្យមើលស្ថានភាពការងារគិលានដ្ឋានក្នុងរោងចក្រអេលីត នៅតំបន់សេដ្ឋកិច្ចពិសេសមេនផាផេនក្រុងបាវិត ដើម្បីត្រៀមលក្ខណៈក្នុងការចុះយុទ្ធនាការពិនិត្យជំងឺជូនដល់កម្មករ-កម្មការិនី នៅតាមរោងចក្រ សហគ្រាសផងដែរ៕