(កំពង់ធំ)៖ គិតចាប់ពីថ្ងៃដែលប្រាសាទសំបូរព្រៃគុក ចុះជាសម្បត្តិបេតិកភណ្ឌពិភពលោក រាប់មកដល់ថ្ងៃនេះ បានត្រឹមតែរយៈ៥៤ថ្ងៃប៉ុណ្ណោះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាលេងកំសាន្ត សរុបចំនួន២៣៣,៥៩៨នាក់ ដែលក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន៨៣៨នាក់ ដែលមានការកើតឡើងស្ទើរតែ១០០% បើធៀបនឹងការដែលមិនទាន់ ចុះជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ។
លោក សេង អាន បានថ្លែងយ៉ាងដូច្នោះថា «ប្រាសាទសំបូរព្រៃគុក ដែលមានទីតាំងស្ថិត នៅភូមិប្រាសាទសំបូរ ឃុំប្រសាទសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានចុះជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ បើរាប់មកដល់ថ្ងៃនេះ បានត្រឹមតែរយៈ៥៤ ថ្ងៃប៉ុណ្ណោះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកំសាន្តសរុបចំនួន២៣៣,៥៩៨នាក់ មកទស្សនាលេងកំសាន្ត ក្នុងនោះភ្ញៀវអន្តរជាតិ មានចំនួន ៨៣៨នាក់ ដែលមានការកើតឡើងស្ទើរតែ១០០% បើធៀបនឹងការដែលយើងមិនទាន់ចុះជាសម្បត្តិបេតិកភណ្ឌពិភពលោក»។
លោកបញ្ជាក់ថា ចំពោះការកើនឡើង របស់ភ្ញៀវទេសចរនេះ មានការកើនខ្ពស់បំផុតនៅថ្ងៃទី៦-៧ ខែសីហា ឆ្នាំ២០១៧ ជាថ្ងៃដែលយើងរៀបចំធ្វើពិធីបួងសួងសុំសេចក្តីសុខ។
លោកបានសង្កត់ធ្ងន់ថា ចំពោះការកើនឡើងរបស់ភ្ញៀវទេសចរទាំងនេះ មន្ទីរទេសចរ ក៏ដូចជាក្រសួងទេសចរណ៍ គ្រោងនឹងមិនអនុញ្ញាតឲ្យយានយន្តបើកបរ ចូលក្នុងតំបន់ប្រាសាទនោះឡើយ ដោយផ្តល់ជាសេវាដល់ភ្ញៀវទេសចរ ចូលទៅទស្សនា ដោយមានជារថយន្តប្រើប្រាស់ថាមពលភ្លើង ការជិះកង់ ជិះរទេះ ហើយបើភ្ញៀវទេសចរចង់ធ្វើដំណើរថ្មើជើងក៏បាន។
ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ធំដដែលរូបនេះ បានបន្ថែមថា ការដែលយើងធ្វើដូច្នេះ គឺដើម្បីថែរក្សាប្រាសាទឲ្យបានគង់វង្ស លើសពីនេះទៅទៀត ការបង្កើតសេវាទេសចរណ៍ទាំងអស់នេះឡើង គឺដើម្បីបង្កើននូវកម្រិតជីវភាពដល់បងប្អូន ដែលរស់នៅតំបន់នោះ តាមរយៈការលក់ផលិតផលក្នុងស្រុក ការបង្កើតជាផ្ទះសម្រាប់ស្នាក់ ដែលស្របតាមពាក្យ ស្លោកថា «ទេសចរណ៍ គឺជាឧស្សាហកម្មគ្មានផ្សែង» ។
លោក សេង អាន ក៏សូមឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាទាំងអស់ជួយ ថែរក្សាប្រាង្គប្រាសាទដ៏ល្អឯកនេះ ឲ្យបានគង់វង្ស ជួយថែរក្សានូវអនាម័យ និងជួយផ្សព្វផ្សាយបន្តទៀត ដើម្បីភាពរីកចម្រើន ខាងវិស័យទេសចរណ៍ របស់ប្រទេសកម្ពុជាបន្ថែមទៀត៕