Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរជាតិអប្សរា ដាំដើមគគីរ១៨០០ដើម នៅច្រកចូលខាងកើត ឆៀងខាងត្បូង ក្នុងបរិវេណប្រាសាទតាព្រហ្ម

31-08-2017 16:29

(សៀមរាប)៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក នៃអាជ្ញាធរជាតិអប្សរា បានប្រារព្ធពិធីដាំកូនឈើមិត្តភាព ដើម្បីរក្សាទេសភាពវប្បធម៌ធម្មជាតិ នៅច្រកចូលខាងកើត ឆៀងខាងត្បូង ក្នុងបរិវេណប្រាសាទតាព្រហ្ម ចំនួន១៨០០ដើម។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ត័ន ប៊ុនស៊ុយ អគ្គនាយករងតំណាង លោកបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរ ជាតិអប្សរា ថ្នាក់ដឹកនាំ នៃនាយកដ្ឋាននីមួយៗ មន្ត្រី បុគ្គលិក ឆ្មាំ កម្មករ រួមទាំងនិស្សិតជប៉ុនសរុបប្រមាណជាង៤០០នាក់ផងដែរ។

លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានលើកឡើងថា ព្រៃឈើគឺមាន សារសំខាន់ណាស់ សម្រាប់ភាពគង់វង្ស របស់ប្រាសាទក្នុងតំបន់អង្គរ ព្រោះវាជារបាំងការពារខ្យល់យ៉ាងរឹងមាំរក្សាសំណើមដល់ថ្ម ប្រាសាទ មិនងាយធ្វើឲ្យថ្មរបេះ ឬសឹករិចរិល ទប់ទល់ការហូរច្រោះដី រក្សាទឹកក្រោមដី មិនឲ្យប្រាសាទស្រុត និងជាគម្របបៃតងលម្អ ជុំវិញប្រាសាទ ឲ្យមានទេសភាពស្រស់ត្រកាលគួរជាទីគយគន់។

លោក និន ចាន់សាមៀន បានបន្ដទៀតថា ការដាំដើមឈើ ជាការងារប្រចាំថ្ងៃ របស់នាយកដ្ឋាន ហើយជារៀងរាល់ឆ្នាំនាយកដ្ឋានក៏មាន ប្រារព្ធពិធីដាំកូនឈើមិត្តភាព នៅតាមបណ្តាប្រាសាទនានាដូច្នេះដែរ ហើយសរុបរយៈពេល១០ឆ្នាំកន្លងមកនេះ នាយកដ្ឋានគ្រប់គ្រង ព្រៃឈើ ដាំដើមឈើបាន២៧ម៉ឺនដើមហើយ៕