(ពោធិ៍សាត់)៖ គិតតាំងពីវេលាថ្ងៃត្រង់ទី៣១ ខែសីហា ឆ្នាំ២០១៧ ទាហានថៃឈរជើងនៅច្រកព្រំដែនថ្មដា ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានអនុញ្ញាតឲ្យពលរដ្ឋខ្មែរ អាចនាំចូលទំនិញកសិផលឆ្លងកាត់ច្រកថ្មដាវិញហើយ លើកលែងតែទំនិញផ្កា ឈើមួយមុខប៉ុណ្ណោះ ដោយសារតែមេព្រៃរបស់ថៃ មិនអនុញ្ញាត។
លោក គួយ សារឿន ស្នងការរងនគរបាលទទួលការងារព្រំដែន ខេត្តពោធិ៍សាត់ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា «នៅវេលាម៉ោង១១ថ្ងៃនេះ ថៃបានជូនដំណឹងឲ្យយើងណាត់ជួបគ្នា នៅកងរយ៥៣១ ទប់មុខច្រកផ្លូវ៥៦ ដើម្បីជូនដំណឹងអំពីករណីឲ្យ បើកច្រកដំណើរការវិញដូចធម្មតា ប៉ុន្ដែចំពោះការផ្កាឈើ មិនអនុញ្ញាតឲ្យចូលដូចមុននោះឡើយ ពីព្រោះមេព្រៃខាងភាគីថៃ នៅមិនទាន់អនុញ្ញាត»។
ជាមួយគ្នានេះ ភាគីថៃអនុញ្ញាតឲ្យនាំកៅស៊ូ ចូលក្នុងករណីដែលរថយន្ដស្លាកលេខថៃ ដោយឡែករថយន្ដពាក់ស្លាកលេខខ្មែរនៅមិនទាន់ អនុញ្ញាតនៅឡើយទេ ពីព្រោះមេបញ្ជាការយោធាថៃ ដែលមកឈរជើងនេះ គឺជាមនុស្សថ្មី។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញមកបដិសេធទាំងស្រុងនូវព័ត៌មាន ដែលលើកឡើងថា មានការបិទច្រកព្រំដែនថ្មដា ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង រវាងខេត្តពោធិ៍សាត់ និងខេត្តត្រាត របស់ប្រទេសថៃ។
លោក ម៉ូវ ម៉ានិត នាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ បានឲ្យដឹងថា ភាគីថៃអនុញ្ញាតឲ្យពលរដ្ឋខ្មែរឆ្លងចូលទៅថៃ គឺធ្វើឡើងនៅថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសៅរ៍ ដែលពលរដ្ឋកម្ពុជាអាចចេញចូលទៅពេទ្យ និងប្រកបរបបអាជីវកម្មបានដូចធម្មតា៕