​(ភ្នំពេញ)​៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លាង សំណាត់ នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លូន​អតីតបុគ្គលិក​ផ្នែក​ទីផ្សារ ​និង​គ្រប់គ្រងការផលិត​កាត ATM របស់ធនាគារអេស៊ីលីដា បន្ទាប់ពីជននេះត្រូវបានកម្លាំងនគរបាលចាប់ខ្លួន រឿងលួចដកលុយចេញពីម៉ាស៊ីន ATM អស់ជិត១០ម៉ឺនដុល្លារអាមេរិក។

មន្រ្តីសាលាដំបូងរាជធានីភ្នំពេញបានប្រាប់ភ្នាក់ងារ Fresh News ប្រចាំតុលាការថា លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកមិញ បានសម្រេចចោទប្រកាន់លើឈ្មោះ លាង សារ៉ា ភេទ​ប្រុស អាយុ៣៧​ឆ្នាំ ពីបទលួច​ ពាក់ព័ន្ធ​នឹងករណី​លួច​ប្រាក់​ចំនួន​ ១០​ម៉ឺន​ដុល្លារអាមេរិក ​ពី​ធនាគារ​នេះ តាមរយៈ​កាត ATM។

ជនជាប់ចោទ​ឈ្មោះ លាង សា​រ៉ា ជាអតីត​បុគ្គលិក​ផ្នែក​ទីផ្សារ ​និង​គ្រប់គ្រងការផលិត​កាត ATM ​របស់​ធនាគារ​អេស៊ីលីដា មាន​ទីស្នាក់ការកណ្ដាល​នៅក្បែរ​ក្រសួង​ព័ត៌មាន ស្ថិតតាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ។​

ជនសង្ស័យ លាង សា​រ៉ា ត្រូវបានកម្លាំងនគ​របាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​តាមដីកា​បញ្ជា​ឱ្យចូល​ខ្លួន​របស់លោក​ស្រីព្រះរាជអាជ្ញារង ស៊ឺ វណ្ណ​នី កាលពី​ថ្ងៃទី​៣០​ ខែ​សីហា ឆ្នាំ​២០១៧​ នៅក្នុង​ធនាគារ​អេស៊ីលីដា។​ ក្រោយ​ឃាត់ខ្លួននៅ​ថ្ងៃទី៣១​ ខែ​សីហា កម្លាំងនគរបាល​បាន​​បញ្ជូនមក​សាលាដំបូងរាជធានី ដើម្បីប្រគល់​ខ្លួន​ជនសង្ស័យ​ឱ្យ​ព្រះរាជអាជ្ញា​ធ្វើការ​សាកសួរ និងបន្តនីតិវិធីតាមច្បាប់។

មន្រ្តីនគរបាលបានឲ្យដឹងថា ពាក់ព័ន្ធ​ករណី​លួច​ប្រាក់​ច្រើន​សន្ធឹកសន្ធាប់​ពីអេស៊ីលីដា​នេះ ផ្តើមឡើងកាលពី​អំឡុងឆ្នាំ​២០១២​ កន្លងទៅ ឈ្មោះ លាង សា​រ៉ា មាន​តួនាទី​ជា​មន្ត្រី​ផ្នែក​គ្រប់គ្រង​ទិន្នន័យ ​លេខ​កូដសម្ងាត់​កាត ATM រ​បស់​ធនាគារ​អេស៊ីលីដា។ ក្នុងតួនាទី​នេះ ជនសង្ស័យ​បាន​លួច​ផលិត​កាត ATM ​មួយ​ផ្ទាល់ខ្លួន​ ដើម្បី​លួច​ដក​ប្រាក់​ពី​ទូ ATM ​របស់​ធនាគារអេស៊ីលីដា​ បន្តិច​ម្ដងៗ​រាប់ឆ្នាំ​មកហើយ​។

រហូតមកដល់​ពេលនេះ បាត់បង់​ប្រាក់​ច្រើនពេក ទើប​ផ្នែក​ជំនាញ​បាន​តាមដាន​ការ​ប្រើប្រាស់​លេខ​កូដ ATM ​របស់​បុគ្គលិក​ធនាគារ​ផ្ទាល់​ ក៏​រកឃើញថា ​ឈ្មោះ លាង សា​រ៉ា បាន​ប្រើលេខ​កូដ​ពិសេស​ ក្នុងការ​លួចដក​ប្រាក់ពី​ធនាគារ ហើយក៏បានដាក់ពាក្យបណ្តឹងទៅសមត្ថ​កិច្ច ចាត់ការតាមនីតិវិធី​តាមច្បាប់តែម្ដង។

សូមបញ្ជាក់ថា បន្ទាប់ពីអតិថិជនរបស់ធនាគារអេស៊ីលីដា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ រអ៊ូរទាំមកកាន់ Fresh News ថា ការដកប្រាក់នៅធនាគារនេះ មានបញ្ហាមិនអាចដកបាននោះ លោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានចេញមកបកស្រាយ តាមរយៈបណ្តាញព័ត៌មាន Fresh News ថា តាមពិតទៅប្រតិបត្តិការបម្រើសេវាដាក់ ឬដកប្រាក់ជូនអតិថិជន នៅធនាគារអេស៊ីលីដា គឺដំណើរការដូចធម្មតា ប៉ុន្តែគ្រាន់តែមានលក្ខណៈយឺតយ៉ាវជាងមុន ដោយសារតែធនាគារបាននិងកំពុង Update System ថ្មី។

លោក អ៉ិន ចាន់នី បានពន្យល់ថា រៀងរាល់ពីរឆ្នាំម្តង ធនាគារអេស៊ីលីដាតែងតែ Update System របស់ធនាគារថ្មី ហើយឆ្នាំនេះ គឺធនាគារចង់ប្រើប្រាស់ System ថ្មីនេះ ឲ្យបានមុនបុណ្យភ្ជុំបិណ្ឌ ទើបធានាគារសម្រេចផ្លាស់ប្តូរមុនថ្ងៃទី៣១ ខែសីហា​នេះ ប៉ុន្តែដោយសារបញ្ហាបច្ចេកទេស ទើប System ថ្មី មិនអាចរួចរាល់ដូចការកំណត់ ដោយបានអូសបន្លាយរហូតមកដល់ព្រឹកនេះ។

ជាមួយគ្នានេះ ប្រធាននាយកប្រតិបត្តិរូបនេះ ក៏បានថ្លែងនូវការសូមទោសចំពោះដំណើរការយឺតយ៉ាវ ក្នុងការបម្រើសេវាដក ឬដាក់ប្រាក់ជូនអតិថិជន ក្នុងពេលកំពុង Update System ថ្មីនេះ ប៉ុន្តែលោកអះអាងថា យ៉ាងយូរត្រឹមរសៀលថ្ងៃនេះ ឬយប់នេះ ការងារ Update System ថ្មីនឹងត្រូវបញ្ចប់ ហើយអាចបម្រើសេវាជូនអតិថិជនរហ័សដូចពេលមុន៕