(ភ្នំពេញ)៖ បន្ទាប់ពីប្រកាសសម្រេចបិទបញ្ចប់យុទ្ធនាការរយៈពេល៣០ថ្ងៃ ដើម្បីរ៉ៃអង្គាសថវិកាដើម្បីជួយកសាងចេតិយ ជូនសពលោកបណ្ឌិត កែម ឡី នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលជាអ្នកបង្កើននូវយុទ្ធនាការនេះ បានអះអាងថា លោកបានចំណាយថវិកាផ្ទាល់ជាង២៣០០ដុល្លារ ដើម្បីប្រើសម្រាប់ដំណើររៃអង្គាសនេះ។
ក្រៅពីការចំណាយថវិកា និងពេលវេលាផ្ទាល់ខ្លួននេះ លោក ពេជ្រ ស្រស់ ត្រូវបានមហាជនមើលឃើញថា បានឆ្លងកាត់ការលំបាកជាច្រើនផងដែរ ក្នុងដំណើរយុទ្ធនាការនេះ ព្រោះថាលោកបានធ្វើដំណើរជាច្រើនខេត្ត និងរាជធានីភ្នំពេញ ហើយពេលខ្លះក៏ត្រូវជួបនឹងស្ថានភាពមេឃភ្លៀង ហើយកន្លែងខ្លះទៀត ក៏ត្រូវបានអាជ្ញាធរបណ្តេញមិនអនុញ្ញាតឲ្យរ៉ៃអង្គាសទៀតផង។
ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានថ្លែងយ៉ាងដូច្នេះថា «ក្នុងយុទ្ធនាការនេះ គណបក្សយុវជនកម្ពុជា បានចំណាយថវិកាផ្ទាល់ខ្លួន សរុបជាង២៣០០ដុល្លារ ដើម្បីចាយវាយលើការធ្វើដំណើរស្នាក់នៅ និងហូបចុក នៅពេលចុះយុទ្ធនាការ ប៉ុន្ដែពួកយើងសប្បាយចិត្តក្នុងការងារជួយរកថវិកា ដើម្បីកសាងចេតិយជូន សពលោកបណ្ឌិត កែម ឡី ខុសពីគណៈកម្មការមុនមិនហ៊ានពុះពារឧបសគ្គដើម្បីការងារ បានតែអួតក្អេងក្អាងតែប៉ុណ្ណោះ ធាតុពិតគ្មានបានការឡើយ។ ខ្ញុំនិងក្រុមការងារ ពិតរីករាយចំពោះសកម្មភាព រៃអង្គាសថវិកានេះ»។
បើតាមការបញ្ជាក់ពីប្រធានគណបក្សរូបនេះ នៅពេលយុទ្ធនាការ បងប្អូនខ្មែរជាច្រើននាក់បានស្វាគមន៍ និងពេញចិត្តយ៉ាងខ្លាំងចំពោះយុទ្ធនាការ៣០ ថ្ងៃរ៉ៃអង្គាសថវិកា ដើម្បីរួមចំណែកសាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ប៉ុន្តែពួកគាត់បានសម្តែងការមិនពេញចិត្ត ចំពោះក្រុមព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលមានលោក ប៉ា ងួនទៀង ផងដែរនោះ គឺពួកគាត់បានដាក់ងារឲ្យក្រុមនោះថា ជាក្រុមតាមស៊ីកេរ្តិ៍សព លោកបណ្ឌិត កែម ឡី។
យុទ្ធនាការរ៉ៃអង្គាសថវិកានេះ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ដោយនៅពេលនេះបានបិទបញ្ចប់ហើយ៕