(សៀមរាប)៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ លោកស្រី គួយ ណាលីន អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី ចុះពិនិត្យអគារ និងការដ្ឋានសាងសង់អគារ ទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកចំនួន៣ ដែលកំពុងដំណើរការសាងសង់។
ការចុះពិនិត្យអគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជានេះ ស្រុកបន្ទាយស្រី ស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ដែលបានដំណើរការសាងសង់ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ សម្រេចបានលទ្ធផលបាន ៩៩ភាគរយហើយ នឹងរៀបចំធ្វើពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃខាងមុខឆាប់ៗនេះ។
ស្រុកវ៉ារិន ដែលមានទីតាំង នៅភូមិកញ្ចន់រុន ឃុំប្រាសាទ ដែលបានដំណើរការសាងសង់ពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៧ សម្រេចបានលទ្ធផលបានប្រហែល ១៥ភាគរយ។ មួយវិញទៀត ស្រុកអង្គរជុំ ដែលមានទីតាំងនៅភូមិក្បាលចាម ឃុំចារឈូក ដែលបានដំណើរការសាងសង់កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ សម្រេចបានលទ្ធផលបានប្រហែល ៤៥ភាគរយ។
សូមបញ្ជាក់ថា ក្នុងអាណត្តិទី៤ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្រោមការដឹកនាំរបស់ លោកបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា បានធ្វើការសាងសង់អគារទីស្នាក់ការអនុសាខា នៅតាមបណ្ដាស្រុកជាបន្តបន្ទាប់ មកដល់ពេលនេះ មានចំនួនសរុប៨អគារ ចំពោះស្រុកដែលនៅសល់ នឹងរៀបចំធ្វើការសាងសង់ជាបន្តបន្ទាប់ទៀត៕