(សៀមរាប)៖ សិក្ខាកាមចំនួន២៦រូប មកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសម្បូរព្រៃគុក នគរបាលទេសចរណ៍ និងនគរបាលការពារបេតិកភណ្ឌ បានបញ្ចប់វគ្គបណ្តុះបណ្តាលខ្លី ស្តីពី វិជ្ជាសង្គ្រោះបឋម នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។
ការបណ្តុះបណ្តាលនេះ មានរយៈពេល៣ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ រៀបចំដោយអាជ្ញាធរជាតិអប្សរា បង្រៀនដោយសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។ វគ្គសិក្សានេះ បានផ្តោតសំខាន់លើជំនាញសង្គ្រោះបឋមដូចជា៖ គោលការណ៍គ្រឹះនៃការសង្គ្រោះបឋម ការដាក់ស្ថានភាពដំណេក ភាពស្ហុក សន្លប់បាត់ស្មារតី បាត់ដង្ហើម-គាំងបេះដូង (CPR) ស្លាក់ លង់ទឹក ឆក់ចរន្តអគ្គិសនី រន្ទះបាញ់ ការពុល ការរលាក ការហូរឈាម របួស ការបាក់ឆ្អឹង ការលើកដាក់និងបញ្ជូនជនរងគ្រោះ និងការអនុវត្តផ្ទាល់លើទ្រឹស្តី។
លោក លីវ ឡន គ្រូឧទ្ទេស នៃវគ្គសិក្សា បានលើកឡើងថា ការរៀនវិជ្ជាសង្គ្រោះបឋមត្រឹមតែ៣ថ្ងៃ គ្រាន់តែចេះនិងដឹង តែអ្វីដែលជាក់ស្តែងមានប្រសិទ្ធិភាព គឺការជួយសង្គ្រោះជនរងគ្រោះផ្ទាល់ ហេតុនេះសុំឲ្យសិក្ខាកាមទាំងអស់តាំងចិត្តថា ការសង្គ្រោះមនុស្សជាការធ្វើបុណ្យ កុំខ្លាច ត្រូវអត់ធ្មត់ កុំរើសអើង ឬស្អប់ខ្ពើមជនរងគ្រោះ។ រឿងត្រូវចងចាំគឺមិនត្រូវផ្តល់ថ្នាំពេទ្យសម្រាប់ការសង្គ្រោះបឋមឡើយ ហើយត្រូវយកចិត្តទុកដាក់លើការពិនិត្យ ព្រោះបើពិនិត្យខុស សន្និដ្ឋានខុស សង្គ្រោះក៏ខុសដែរ ដែលនាំឲ្យជនរងគ្រោះអាចបាត់បង់ជីវិតបាន។
លោក ក៏សប្បាយចិត្តផងដែរ ដែលឃើញសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ខ្លាំងក្នុងការរៀនសូត្រ ហើយសង្ឃឹមថា ចំណេះដឹងដែលទទួលបានក្នុងពេលនេះ ផ្សំនឹងបទពិសោធន៍កន្លងមក នឹងក្លាយជាប្រយោជន៍ ធ្វើឲ្យការអនុវត្តន៍ការងារប្រចាំថ្ងៃ បានទទួលលទ្ធផលល្អប្រសើរ។
លោក វុធ ជា អនុប្រធានភ្នាក់ងារប្រាសាទភ្នំបាខែង បានចាប់អារម្មណ៍ថា វគ្គបណ្តុះបណ្តាលសង្គ្រោះបឋមនេះ ថ្វីត្បិតតែមានរយៈពេលខ្លី តែវាមានសារៈសំខាន់ណាស់សម្រាប់ចូលរួមជួយដល់សហគមន៍មូលដ្ឋាន និងភ្ញៀវទេសចរដែលយើងធ្វើការជាមួយគាត់។
លោកបន្ដថា «ពីមុនយើងជួបប្រទះបញ្ហាជាច្រើនចំពោះភ្ញៀវ ហើយដោះស្រាយតាមអ្វីដែលយើងធ្លាប់ដឹងមក តែក្រោយពីទទួលបានការបណ្តុះបណ្តាលនេះ ខ្ញុំបានយល់ច្បាស់ពីការសង្គ្រោះបឋម មានការរុំរបួស ការឃាត់ឈាម ការលើកដាក់ភ្ញៀវឱ្យមានសុវត្ថិភាពបានល្អប្រសើរជាងមុនប្រកបដោយប្រសិទ្ធិភាពនិងអាចទទួលយកបាន»។
សិក្ខាកាមរូបនេះ ក៏សូមសំណូមពរសូមឲ្យអាជ្ញាធរជាតិអប្សរាបង្កើតវគ្គសិក្សានេះ ឲ្យបានច្រើន និងបានគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ពិសេសបើពង្រីកដល់សហគមន៍ទៀតកាន់តែល្អ ដើម្បីឲ្យប្រជាជនមានសមត្ថភាពអាចជួយខ្លួនឯង គ្រួសារ និងអ្នកដទៃបានទាន់ពេលនិងត្រឹមត្រូវ។
ថ្លែងក្នុងពិធីបិទវគ្គនេះ លោក សុខ សង្វារ អគ្គនាយករងតំណាង លោកបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះការខិតខំប្រឹងប្រែងបង្រៀនយ៉ាងយកចិត្ត ទុកដាក់ដល់សិក្ខាកាមទាំងអស់ របស់លោកគ្រូអ្នកគ្រូជំនាញសង្គ្រោះបឋមមកពីសាខាកាកបាទក្រហមខេត្តសៀមរាប។
លោកបន្តទៀតថា ការសង្គ្រោះបឋមជាចំណេះដឹងមូលដ្ឋាន ដែលត្រូវដឹងគ្រប់គ្នា ហើយមានសារៈសំខាន់ណាស់ សម្រាប់វិស័យទេសចរណ៍ ដែលបុគ្គលិកបម្រើការងារគ្រប់រូបត្រូវចេះ ដើម្បីជួយសង្គ្រោះដល់ភ្ញៀវ ដែលមកទស្សនាតំបន់ទេសចរណ៍នៅកម្ពុជា ទទួលបានភាពកក់ក្តៅនិងសុខសុវត្ថិភាព។
ជាទិសដៅ ទៅអនាគតផងដែរ អាជ្ញាធរជាតិអប្សរាពិសេស នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ នឹងបង្កើតឲ្យមានវគ្គសិក្សានេះបន្តទៀត ឲ្យបានទូលំទូលាយជាងមុន ដើម្បីបង្កើនចំណេះដឹងផ្នែកសង្គ្រោះបឋមដល់មន្ត្រី-បុគ្គលិក ឲ្យអនុវត្តន៍ការងារបានល្អប្រសើរ ថែមទាំងមានប្រសិទ្ធិភាពពេលត្រូវការ៕