(ប៉ៃលិន)៖ លោក សៅ សារ៉ាត់ អភិបាលរងខេត្តប៉ៃលិន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ ប្រគល់ប័ណ្ណកម្មសិទ្ធដីធ្លីស្របច្បាប់ ជូនដល់ប្រជាពលរដ្ឋ ចំនួន៤គ្រួសារ ដែលមានទំនាស់ដីធ្លីរ៉ាំរៃរយៈពេល៦ឆ្នាំ។
ក្នុងពិធីដែលបានធ្វើនៅមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក៏មានការចូលរួមពី លោក ហុក សុផល ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។
លោក ហុក សុផល បានឲ្យដឹងថា ដោយមានកិច្ចសហការល្អ ពីគ្រប់ភាគីពាក់ព័ន្ធ និងគណៈកម្មការសុរិយោដីខេត្ត បានខិតខំដោះស្រាយទំនាស់ដីធ្លីរ៉ាំរ៉ៃ ជូនប្រជាពលរដ្ឋទៅតាមនិតីវិធី ហើយប្រជាពលរដ្ឋចំនួន៤គ្រួសារនេះ រួមមាន៖ ទី១៖ ឈ្មោះ សេង ណារិន និងប្រពន្ធ នុត សាវ៉ាន មានទំហំដី ៤ម៉ែត្រ គុណ៣៤.៣០ម៉ែត្រ, ទី២៖ ឈ្មោះ អ៊ួន ហៀង និងប្រពន្ធ សេក សុភី មានទំហំដី ៤.៧០ម៉ែត្រ គុណ៣៥.២៩ម៉ែត្រ, ទី៣៖ ឈ្មោះ ខៀវ អ៊ាង និងប្រពន្ធ ហេង យ៉ុន មានទំហំដី ៩.១០ម៉ែត្រ គុណ៣៦ម៉ែត្រ និងទី៤៖ ឈ្មោះ ធុល សុផល និងប្រពន្ធ ហេង រ៉ាត់ ទំហំដី៤.១០ម៉ែត្រ គុណ២២.៩០ម៉ែត្រ ដែលដីធ្លីមានទំនាស់នេះ ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
ជាមួយគ្នានោះ លោក សៅ សារ៉ាត់ បានបញ្ជាក់ថា បច្ចុប្បន្នទំនាស់ដីធ្លីតែងតែកើតមាននៅក្នុងសង្គម ហើយរាជរដ្ឋាភិបាល ក៏បានចង្អុលបង្ហាញ និងណែនាំដល់គណៈកម្មការសុរិយោដីខេត្ត ត្រូវខិតខំយកចិត្តទុកដាក់ជំរុញ ការដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋ ដែលមានទំនាស់ដីធ្លីរ៉ាំរៃ ស្របតាមគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាក់ស្តែងដូចពេលនេះ បងប្អូនប្រជាពលរដ្ឋមានទំនាស់ដីធ្លីអស់រយៈពេលយូរឆ្នាំមកហើយ មន្រ្តីជំនាញបានធ្វើការដោះស្រាយ និងបានធ្វើប័ណ្ណកម្មសិទ្ធដីធ្លី ស្របច្បាប់ជូនភ្លាមៗ ទាំងនេះក៏ជាភាពជោគជ័យមួយ ដែលបងប្អូនប្រជាពលរដ្ឋទទួលបាននូវ អចលនៈទ្រព្យស្របច្បាប់ជាផ្លូវការ។
បន្ថែមពីនេះ អភិបាលរងខេត្ត បានជំរុញដល់មន្ទីររៀបចំដែនដីខេត្ត ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការដោះស្រាយទំនាស់ដីធ្លី ជូនដល់ប្រជាពលរដ្ឋ ដែលមានទំនាស់ដីធ្លី មិនទាន់បានដោះស្រាយរួច និងថ្លែងអំណគុណដល់ ម្ចាស់អចលនៈទ្រព្យទាំងអស់ ដែលមានការចូលរួមសហការគ្នា ទាំងសងខាង ហើយត្រូវចេះស្រលាញ់សាមគ្គីគ្នា ទៅវិញទៅមក ក្នុងនាមជាអ្នកជិតខាងគ្នា។
ប្រជាពលរដ្ឋ ក៏បានថ្លែងអំណរអរគុណ ដល់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញ ដែលបានខិតខំប្រឹងប្រែងជួយដោះស្រាយ និងធ្វើប័ណ្ណកម្មសិទ្ធដីធ្លីស្របច្បាប់ជូនពួកគាត់៕